ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលខណៈម៉ូតូ២គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសធ្ងន់និងស្រាលខណៈម៉ូតូ២គ្រឿងបុកគ្នា។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៤ខែមីនា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចគល់ស្ពានផ្សារខ្វែង ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AL-5431 បើកបរដោយឈ្មោះ វណ្ណ សុភារី ភេទស្រី  អាយុ៣២ឆ្នាំ និងអ្នករួមដំណើរម្នាក់ជាក្មេងស្រីអាយុប្រហែល២ខួប និងម្នាក់ទៀតជាម្តាយឈ្មោះ ឆម ចិន្តា អាយុ៥២ឆ្នាំ អ្នកទាំងបីរស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បើកក្នុងទិសដៅពីកើតទៅលិច។  លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក BEATពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AI-5894 បើកបរដោយយុវជនម្នាក់ឈ្មោះ សុភ័ក្រ លីហៅ អាយុ ១៦ឆ្នាំ រស់នៅភូមិចក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើរជាមិត្តភិក្តម្នាក់ ក្នុងទិសដៅស្របគ្នាដោយល្បឿនយ៉ាងលឿនឡើងវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលទៅបុកប៉ះពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូឃ្លីកជាម្តាយរងរបួសធ្ងន់ កូននិងចៅរងរបួសស្រាល ចំណែកអ្នកបើកបរខាងម៉ូតូ BEATរងរបួសស្រាល និងអ្នករួមដំណើរម្នាក់អាយុប្រហាក់ប្រហែលគ្នារងរបួសធ្ងន់។

    ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនឹងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការដ្ឋានខេត្ត ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖