ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាសង្រ្គាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិតសង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលប្រារព្ធនៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងន័យនេះ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនេះ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា កត្តាសន្តិភាព ពិតជាមានសារៈសំខាន់លើសអ្វីៗទាំងអស់ពីព្រោះថា សន្តិភាពគឺជាបុរេលក្ខខណ្ឌ និងអាចផ្តល់នូវកាលានុវត្តភាពក្នុងការអភិវឌ្ឍប្រទេសជាតិ៕
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ផងដែរថា ៖ រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន២% ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន ២ ភាគរយ ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យ ឯកជន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តចូលរួមគាំទ្រលើការអនុវត្តគោលនយោបាយនានា ដើម្បីអាចផ្ដល់សិទ្ធិពិតប្រាកដដល់ជនដែលមានពិការភាព៕
ដោយ ៖ សហការី