ខេត្តកំពង់ឆ្នាំង៖ មនុស្ស៤នាក់ ដែលបានប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ (មងបង្ក្រាប) ហើយលួចចូលនេសាទ នៅក្នុងតំបន់អភិរក្ស (ព្រែកអន្លង់ទន្លា) ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៌ ទាំងថ្ងៃត្រូវបានសមត្ថកិច្ច ចម្រុះចាប់ឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំព្រមាន និងដកហូតយកឧបករណ៍នេសាទល្មើសច្បាប់ដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង។
ក្រុមជនល្មើសទាំង៤នាក់ខាងលើនេះ មានទី១៖ ឈ្មោះ ម៉ៅ សុផល អាយុ៤០ឆ្នាំ និងទី២៖ ប្រពន្ធ, ទី៣៖ ឈ្មោះ វៀង យាំងយុង អាយុ៥៣ឆ្នាំ ភេទស្រី និងទី៤៖ ត្រូវជាប្តី ពួកគេរស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ហើយ បន្ទាប់ពីធ្វើកិច្ចសន្យា អប់រំ និងព្រមានរួចរួចមកនោះ សមត្ថកិច្ចក៏បានដកហូតយកឧបករណ៍មងបង្ក្រាបខុសច្បាប់ ចំនួន២វង់ ដើម្បីកម្ទេចចោល។
ការអនុវត្តនេះដោយអនុវត្តតាមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ ។
ជាក់ស្ដែង នៅវេលាម៉ោង០៣៖០០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ធបានប្រទះឃើញទូកឈើចំនួន២គ្រឿង និងទូកបាឡាស្មាច់១គ្រឿង មានមនុស្សសរុបជាង១០នាក់ បានប្រើប្រាស់ឧបករណ៍ (មងបង្ក្រាប) ខុសច្បាប់ កំពុងលួចចូលនេសាទនៅក្នុងតំបន់អភិរក្ស (ព្រែកអន្លង់ទន្លា) ស្ថិតនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូណ៌ ខាងលើនេះរួចរាយការណ៍មកកម្មជំនាញ។
ខណៈនោះប្រជាជនបានទូរស័ព្ទរាយការណ៍ជូនលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់វិធានការបង្ក្រាប។
បន្ទាប់មកនៅវេលាម៉ោង ០៥៖០០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា សមត្ថកិច្ចចម្រុះរួមមាន នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជលផលខេត្ត សរុបមានគ្នាចំនួន១៥នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់២គ្រឿង បានចុះទៅដល់ចំណុចតំបន់អភិរក្ស (ព្រែកអន្លង់ទន្លា) ដែលជាទីតាំងប្រព្រឹត្តបទល្មើសនេសាទតែម្តង។
ក្រោយពីសមត្ថកិច្ចចម្រុះបានរាយការណ៍សុំគោលការណ៍ពីថ្នាក់លើ សមត្ថកិច្ចជំនាញបានអនុវត្តតាមបទបញ្ជាដោយបានត្រឹមតែធ្វើកិច្ចសន្យា អប់រំ និងព្រមានដល់ជនដែលបានប្រព្រឹត្តបទល្មើសទាំង៤នាក់ ដែលជាអ្នកប្រើឧបករណ៍នេសាទល្មើសច្បាប់ (មងបង្ក្រាប) និងបានលួចនេសាទនៅក្នុងតំបន់អភិរក្ស ដែលជាអំពើខុសច្បាប់១ករណីបន្ថែមទៀត៕
ដោយ៖ អរុណរះ