ព័ត៌មានទាន់ហេតុការណ៍៖

IOC ចង់ឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសគោរពស្វ័យភាពនៃកីឡា

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែ “គោរពស្វ័យភាពនៃកីឡា” បន្ទាប់ពីខ្លួនបានស្នើសុំឱ្យអ្នកឧបត្ថម្ភគាំទ្រដល់ការហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារូនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤

លេខាធិការវប្បធម៌លោកស្រី Lucy Frazer បានសរសេរសំបុត្រមួយទៅកាន់នាយកប្រតិបត្តិចក្រភពអង់គ្លេសនៃដៃគូ១៣ទូទាំងពិភពលោករបស់ IOC ដោយលើកឡើងថា របបនេះ “មិនត្រូវអនុញ្ញាតឱ្យប្រើកីឡាសម្រាប់គោលបំណងឃោសនារបស់ពួកគេទេ”

សេចក្តីថ្លែងការណ៍របស់ IOC បានសរសេរថា “វាមិនអាស្រ័យលើរដ្ឋាភិបាលក្នុងការសម្រេចចិត្តថាតើអត្តពលិកណាអាចចូលរួមក្នុងការប្រកួតអន្តរជាតិណាមួយនោះទេ នេះ​នឹង​ជា​ការ​បញ្ចប់​នៃ​កីឡា​ពិភពលោក​ដូច​ដែល​យើង​ដឹង​នៅ​ថ្ងៃ​នេះ”។

កាលពីខែកុម្ភៈលោកស្រី Frazer បានធ្វើជាប្រធានកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសចំនួន៣៦រួមទាំងប្រទេសបារាំង ដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសន្យាគាំទ្ររបស់ពួកគេចំពោះការដាក់ទណ្ឌកម្មដែលកំពុងបន្តនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។

IOC បានអះអាងថា “វាត្រូវតែជាទំនួលខុសត្រូវតែមួយគត់របស់អង្គការកីឡាក្នុងការសម្រេចចិត្តថាតើអត្តពលិកណាអាចចូលរួមក្នុងការប្រកួតអន្តរជាតិដោយផ្អែកលើគុណសម្បត្តិកីឡារបស់ពួកគេ

លោកស្រី​បន្ត​ថាស្រប​តាម​នេះ អ្នក​ឧបត្ថម្ភ​អូឡាំពិក​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេច​នេះ​ទេ។ យើង​សង្ឃឹម​យ៉ាង​ខ្លាំង​ថា រដ្ឋាភិបាល​អង់គ្លេស​នឹង​គោរព​ស្វ័យភាព​នៃ​កីឡា

កាលពីខែមករា IOC បានប្រកាសថា ខ្លួននឹងស្វែងរកផ្លូវមួយសម្រាប់អត្តពលិករុស្ស៊ី និងបេឡារូសដើម្បីប្រកួតប្រជែងនៅព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីស។

គួររំលឹកថា អត្តពលិករុស្ស៊ីត្រូវបានហាមឃាត់មួយផ្នែកក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio កាលពីឆ្នាំ២០១៦ ដោយសារតែប្រើប្រាស់សារធាតុញៀនដែលឧបត្ថម្ភដោយរដ្ឋ ប៉ុន្តែអត្តពលិកខ្លះបានប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹតនៅព្រឹត្តិការណ៍អូឡាំពិកតូក្យូ កាលពីឆ្នាំ២០២០ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖