ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិទៅដកលុយបែរជាយកទៅបាត់ ម្ចាស់ម៉ូតូប្តឹងនគរបាលឱ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់នៅ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើខ្ចីម៉ូតូមិត្តភក្តិខ្លួនឯងថាទៅដកលុយ តែបែរជាយកម៉ូតូមិត្តភក្តិទៅបាត់មិនប្រគល់អោយម្ចាស់វិញទេ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤៥នាទី នៅចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ ភួង​ ភឿន​ ភេទប្រុស អាយុ៤៣ឆ្នាំ​ សញ្ជាតិខ្មែរ ជនជាតិខែ្មរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យចំនួន​២នាក់ គឺទី១-ឈ្មោះ គ័ង​ លីសេង​ ហៅឡាង ភេទប្រុស អាយុ​ ១៦ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ជនជាតិខ្មែរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី២-ឈ្មោះ​ តូ​ ភេទប្រុស​ មិនស្គាល់ទីលំនៅ​ (គេចខ្លួន)​ ។ 

​   ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣​ ជនរងគ្រោះបានទៅទិញម៉ូតូបង់រំលស់០១គ្រឿង​ ម៉ាកនីច​ ស៊េរីឆ្នាំ២០២៣​ ពណ៌ស​ លេខតួ​ CI 44F367152 លេខម៉ាស៉ីន​ AI 52367162​ គ្មានផ្លាកលេខ​ ពីក្រុមហ៊ុន​ គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ ប៊ែមប៊ូ​ ហ្វាយនែនភីអិលស៉ី​ យកមកឱ្យកូនប្រុសឈ្មោះ​ ភឿន​ វុទ្ធី​ សម្រាប់ជិះធ្វេីការ​  ។

លុះនៅថ្ងៃទី​០៨ខែឆ្នាំដដែល វេលាម៉ោងជាង១១ថ្ងៃ​ ជនសង្ស័យ​ឈ្មោះ​ គ័ង​ លាងសេង​ បានបបួលឈ្មោះ​ ភឿន​ វុទ្ធី​ ទៅសាក់រូបនៅផ្សារស្វាយរមៀត​ ភូមិព្រែកតាបែន​ ឃុំស្វាយរមៀត​ ដោយឈ្មោះ​ ភឿន​ វុទ្ធី​ ជិះម៉ូតូរបស់ខ្លួនដែលឪពុកទិញឲ្យ​ ចំណែកជនសង្ស័យទាំង០២នាក់​ ជិះម៉ូតូ០១គ្រឿង​ ម៉ាកស្គូពី​ ​ពណ៌​ស​  មិនចាំផ្លាកលេខ​ ចេញពីភូមិព្រែកតាទន់ទៅផ្សារស្វាយរមៀត​ ពេលទៅដល់ឈ្មោះ​ ភឿន​ វុទ្ធី​ បានអង្គុយឱ្យគេសាក់រូប​ នៅវេលាម៉ោង​ ១២និង៤៥នាទី​ ថ្ងៃដដែល​ ជនសង្ស័យ​ឈ្មោះ​ គ័ង​ លាងសេង​ បានខ្ចីម៉ូតូពីឈ្មោះ​ ភឿន​ វុទ្ធី​ ថាទៅដកលុយ​ នៅABA ព្រែកអញ្ចាញ​មួយភ្លែត​ ពេលបានម៉ូតូហេីយជនសង្ស័យឈ្មោះ​ គ័ង​ លាងសេង​ ក៏ជិះសំដៅទៅភ្នំពេញ​ ចំណែកឈ្មោះ​ តូ​ ក៏ជិះម៉ូតូចេញពីកន្លែងសាក់រូប​ទៅតាមក្រោយដែរ​ ។ ឈ្មោះ​ ភឿន​ វុទ្ធី​ អង្គុយចាំមិនឃេីញឈ្មោះ​ គ័ង​ លាងសេង​យកម៉ូតូមកឱ្យ ក៏ត្រឡប់ទៅផ្ទះប្រាប់ឪពុករបស់ខ្លួន​ បន្ទាប់មកឈ្មោះ​ ភួង​ ភឿន​ ក៏ទៅដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់​ រហូតដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោងប្រហែល​ ១០យប់​ ជនរងគ្រោះឃេីញឈ្មោះ​ គ័ង​ លាងសេង​ នៅរង្វង់មូល​នាង​មច្ឆា​ ខណ្ឌជ្រោយចង្វា រាជធានីភំ្នពេញ​ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់​ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ បន្តអនុវត្តនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖