ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់នៅ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើខ្ចីម៉ូតូមិត្តភក្តិខ្លួនឯងថាទៅដកលុយ តែបែរជាយកម៉ូតូមិត្តភក្តិទៅបាត់មិនប្រគល់អោយម្ចាស់វិញទេ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤៥នាទី នៅចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភួង ភឿន ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខែ្មរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យចំនួន២នាក់ គឺទី១-ឈ្មោះ គ័ង លីសេង ហៅឡាង ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី២-ឈ្មោះ តូ ភេទប្រុស មិនស្គាល់ទីលំនៅ (គេចខ្លួន) ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅទិញម៉ូតូបង់រំលស់០១គ្រឿង ម៉ាកនីច ស៊េរីឆ្នាំ២០២៣ ពណ៌ស លេខតួ CI 44F367152 លេខម៉ាស៉ីន AI 52367162 គ្មានផ្លាកលេខ ពីក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែនភីអិលស៉ី យកមកឱ្យកូនប្រុសឈ្មោះ ភឿន វុទ្ធី សម្រាប់ជិះធ្វេីការ ។
លុះនៅថ្ងៃទី០៨ខែឆ្នាំដដែល វេលាម៉ោងជាង១១ថ្ងៃ ជនសង្ស័យឈ្មោះ គ័ង លាងសេង បានបបួលឈ្មោះ ភឿន វុទ្ធី ទៅសាក់រូបនៅផ្សារស្វាយរមៀត ភូមិព្រែកតាបែន ឃុំស្វាយរមៀត ដោយឈ្មោះ ភឿន វុទ្ធី ជិះម៉ូតូរបស់ខ្លួនដែលឪពុកទិញឲ្យ ចំណែកជនសង្ស័យទាំង០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្គូពី ពណ៌ស មិនចាំផ្លាកលេខ ចេញពីភូមិព្រែកតាទន់ទៅផ្សារស្វាយរមៀត ពេលទៅដល់ឈ្មោះ ភឿន វុទ្ធី បានអង្គុយឱ្យគេសាក់រូប នៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ គ័ង លាងសេង បានខ្ចីម៉ូតូពីឈ្មោះ ភឿន វុទ្ធី ថាទៅដកលុយ នៅABA ព្រែកអញ្ចាញមួយភ្លែត ពេលបានម៉ូតូហេីយជនសង្ស័យឈ្មោះ គ័ង លាងសេង ក៏ជិះសំដៅទៅភ្នំពេញ ចំណែកឈ្មោះ តូ ក៏ជិះម៉ូតូចេញពីកន្លែងសាក់រូបទៅតាមក្រោយដែរ ។ ឈ្មោះ ភឿន វុទ្ធី អង្គុយចាំមិនឃេីញឈ្មោះ គ័ង លាងសេងយកម៉ូតូមកឱ្យ ក៏ត្រឡប់ទៅផ្ទះប្រាប់ឪពុករបស់ខ្លួន បន្ទាប់មកឈ្មោះ ភួង ភឿន ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់ រហូតដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោងប្រហែល ១០យប់ ជនរងគ្រោះឃេីញឈ្មោះ គ័ង លាងសេង នៅរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា រាជធានីភំ្នពេញ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី ៕
ដោយ៖ ស្អាង ជ័យ