ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ឃូលរីមិច​ សង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យទីតាំងឃូល រីមីច ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី។​ ប៉ុន្តែ​ក្រោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជាក់ស្ដែង​ រកឃើញតែប្រភេទហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។

អាជ្ញាធរមូលដ្ឋាន​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​មន្រ្តីជំនាញឃើញមានលិខិតអនុញ្ញាតបណ្ណពន្ធប៉ាតង់, វិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម និងតាបស្នូកឃ័រចំនួន ១០តាប និងទូរហ្គេមកម្សាន្តចំនួន ៦៦ទូរ ដែលកំពុងដំណើរការ ពុំរកឃើញមាន ការលេងល្បែងស៊ីខុសច្បាប់នោះទេ និងបានអប់រំណែនាំ ដល់ម្ចាស់ គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះ មុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់។ 

សូមជម្រាបជូនថា លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅរសៀល​នេះ​ បានបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់តែម្ដង៕

ដោយ៖សហការី​


ចែករំលែក៖