ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មួយរយៈចុងក្រោយនេះមានសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្ដមសិក្សាជាច្រើនបានចែកសញ្ញាបត្រដល់និស្សិតជយលាភីរបស់ខ្លួនជាបន្តបន្ទាប់រាប់ម៉ឺននាក់ ដែលកត្តានេះបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានគណបក្សខ្លះអះអាងថាខ្លួនជានិមិត្តរូប នៃការផ្លាស់ប្តូរ តែគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំរាជរដ្ឋាភិបាលឯណេះទេ ដែលជានិមិត្តរូប នៃការផ្លាស់ប្តូរ គឺផ្លាស់ប្តូររបបវាលពិឃាត មកសន្តិភាព, ពីក្រីក្រ មកជាប្រទេសមានជីវភាពល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់..[]។
-សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតកាលរាជធានីភ្នំពេញ ដែលជារាជធានីគ្មានអគារខ្ពស់ៗ និងរីកចម្រើនដូចពេលបច្ចុប្បន្ននោះទេ ដែលជាក់ស្តែងកោះពេជ្រជាតំបន់ដាំបន្លែតិចតួច និងកន្លែងដងត្រី ក្លាយជាតំបន់ពាណិជ្ជកម្ម និងមានអគារខ្ពស់ៗកប់ពពក។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់ពីពេលនេះតទៅ យើងត្រូវការពារភាពត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចងចាំក្នុងចិត្តថា «គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្តូរពិតប្រាកដ»។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហានៅអាមេរិកនោះមិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ ហើយ សម្រាប់អាមេរិកផ្ទាល់ ក៏មានការប៉ះពាល់តិចតួចប៉ុណ្ណោះ។ សម្ដេចតេជោ ថ្លែងបញ្ជាក់ថា ការដួលរលំធនាគារអាមេរិក គឺជាវិបត្តិជ្រាំដែល គឺគ្មានអ្វីត្រូវភិតភ័យឡើយ។ សម្ដេចណែនាំឱ្យពលរដ្ឋជឿទុកចិត្តចំពោះធនាគារនៅក្នុងប្រទេសកម្ពុជា គឺមានទុនវិនិយោគគ្រប់គ្រាន់។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំធ្វើសកម្មភាពបំផ្លាញមុខមាត់ និងកិត្តិយសរបស់កម្ពុជា តាមរយៈការបំភ្លៃ បំភ្លើសព័ត៌មានអកុសលពាក់ព័ន្ធការស្ថាបនាកំពង់ផែ នៅតំបន់សមុទ្ររាម។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាគ្មានវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា ពេលកំពង់ផែសមុទ្ររាមស្ថាបនារួចរាល់ កម្ពុជាស្វាគមន៍នាវាកងទ័ពគ្រប់បណ្តាប្រទេសទាំងអស់មិនថា ចិន អាមេរិក ជប៉ុន អូស្ត្រាលីបារាំង….[] ដែលមានបំណងចូលចត និងធ្វើកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីពីភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយកម្ពុជាគ្រប់គ្រងករណីឆ្លងប្រចាំថ្ងៃស្ថិតក្នុងកម្រិតតិចតួច ឬថ្ងៃខ្លះគ្មានករណីឆ្លងតែម្តង។ ទោះជាបែបនេះក្តីសម្តេចក៏នៅអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច។
-សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រឹះស្ថានឧត្ដមសិក្សានានា ពង្រឹងប្រសិទ្ធភាពនៃការអប់រំរបស់ខ្លួនត្រូវ មានគុណភាពនៃការអប់រំដូចគ្នា រវាងគ្រឹះស្ថានឧត្ដមសិក្សានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីផ្ដល់គុណអប់រំពិតប្រាកដដល់និស្សិត។
សម្តេចតេជោ បានប្រកាសឱ្យមានស្មារតីរៀនជាប់ជានិច្ច ទោះជាសិក្សាដល់កម្រិតថ្នាក់ណា ឬមានតួនាទីក្នុងស្ថាប័នកំពូលរបស់ជាតិកម្រិតណាក៏ដោយ។
-សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ស្ថាប័នរបស់រដ្ឋចេះពីរបៀបរបបធ្វើការ ជាពិសេសលិខិតបទដ្ឋាននានា ដែលត្រូវចេញផ្សាយជាសាធារណៈ ឬផ្ញើមកនាយករដ្ឋមន្ត្រី ត្រូវពិនិត្យឱ្យបានដិតដល់ និងប្រុងប្រយ័ត្នជាប់ជានិច្ច។
-សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់និស្សិតដែលទទួលបានជយលាភី ត្រូវខិតខំបន្តទៀត កុំទទួលបានសញ្ញាបត្រហើយឈប់រៀនសូត្រឱ្យសោះ។ សម្ដេចក៏បានណែនាំដូចគ្នានេះដល់មន្រ្ដីរាជការផងដែរ។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំផ្ញើដល់រដ្ឋមន្ត្រី សូមកុំខ្ជិលក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាន់ជិតមកដល់ហើយ។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ នៃការឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលសម្តេចជាមួយអភិបាលខេត្តសៀមរាប ក៏បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធការអន្តរាគមន៍ករណីឆាបឆេះនេះផងដែរ។
-សម្តេចតេជោ ហ៊ុន សែន បានបួងសួង និងបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម សូមបរាមុខ តាមកាច់ អ្នកផ្សព្វផ្សាយបំពុលចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកដុតព្រះរាជដំណាក់ខេត្តសៀមរាប ដើម្បីចង់បានដីនៅកន្លែងនោះ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវដល់ដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គិភ័យ ដែលបានកើតឡើងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
-សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះសហគ្រិនវ័យក្មេងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលបានចូលរួមបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួសជុលឡើងវិញនូវព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបានឆាបឆេះកាលពីប៉ុន្មានថ្ងៃមុននេះ ទោះជាត្រូវចំណាយថវិកាប៉ុណ្ណាក៏ដោយ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចនឹងអញ្ជើញទៅខេត្តសៀមរាប យាងព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ ប្រទានភ្លើងស៊ីហ្គេម នៅមុខប្រាសាទអង្គរវត្ត។
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ជាពិសេសអាហារតាមដងផ្លូវ ដោយត្រូវរក្សាអនាម័យខ្ពស់។
-សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យល៩ក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រឹងប្រែង និងក្រសួងពាណិជ្ជកម្ម សម្របសម្រួលជាមួយអ្នកលក់ដូរតូចតាចឱ្យដាក់តម្លៃផលិតផល ឬម្ហូបអាហារដែលបានតាំងលក់ ដើម្បីងាយស្រួលក្នុងការលក់ដូរផង ហើយអ្នកទិញក៏ងាយស្រួលផងដែរ។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំមានការស្លន់ស្លោរ ពាក់ព័ន្ធនឹងព័ត៌មាន នៃការដួលរលំធនាគាររបស់អាមេរិក។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ សូមទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលលើវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រោះធនាគារនីមួយៗនៅកម្ពុជា សុទ្ធតែមានទុនបម្រុងរបស់ខ្លួនគ្រប់គ្រាន់ ទប់ទល់នឹងហានិភ័យនានាជាយថាហេតុ៕
ដោយ៖ស តារា