ព័ត៌មានទាន់ហេតុការណ៍៖

ការទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរ​ មានភ្ញៀវទេសចរជាតិ​-អន្តរជាតិ​ជិត​ ១ម៉ឺន​នាក់​

ចែករំលែក៖

ខេត្តសៀមរាប៖ បើ​យោង​តាមប្រភពព័ត៍មានពី​មន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានឱ្យដឹងថា ភ្ញៀវទេសចរប្រមាណជិត​ ១ម៉ឺននាក់បានមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យ​ គឺព្រឹត្តិការណ៍ «សមរាត្រី» ដែលជាទិដ្ឋភាពថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។

មន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ បានមកទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តមានចំនួនប្រមាណ ៨ ៧២៦ នាក់។ ក្នុងនោះមានភ្ញៀវទេសចរបរទេស មានចំនួនប្រមាណ ២ ២២៦ នាក់ ខណៈភ្ញៀវជាតិ និង ពលរដ្ឋក្នុងខេត្តសៀមរាបមានប្រមាណ៦ ៥០០នាក់។

ជាមួយគ្នានោះ​ នៅលើបណ្តាញសង្គមវិញ មានអ្នកប្រើប្រាស់ជាច្រើនបានចែករំលែករូបភាពទាក់ទងនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយបានពោលថាព្រឹត្តិការណ៏នេះ គឺជាបាតុភូតពិភពលោក ប៉ុន្តែវាមានរឿងដោយឡែក និងគួរឱ្យស្ញប់ស្ញែងបំផុត សម្រាប់កូនខ្មែរ ដោយនៅថ្ងៃដែលកើតមានសមភាពរាត្រីនេះ ព្រះអាទិត្យនឹងរះចំកំពូលបាកាននៃកំពូលប្រាសាទអង្គរវត្ត ហើយព្រះអាទិត្យមិនលំអៀងទៅចំហៀងនៃប្រាសាទទេ រហូតលិចបាត់ទៅក្នុងទ្វីបលោក។ លុះព្រះអាទិត្យចាប់ផ្តើមលិច ព្រះចន្ទក៏ចាប់ផ្តើមរះនៅចន្លោះវេលា១២ម៉ោងដូចគ្នា។

សូមជម្រាបជូនថា​ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី (Equinox) តែងតែកើតមាន ២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវ ដែលក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។

ជាមួយគ្នានេះដែរ ស្របពេលព្រឹត្តិការណ៍សមរាត្រីលើកទី១ ក្នុងឆ្នាំ២០២៣នេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយត្រូវចងចាំសម្រាប់ព្រះរាជពិធីនៃការប្រោសព្រះរាជព្រះអគ្គិជ័យកីឡា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពង់នៃអង្គព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

គួរបញ្ជាក់ថា មហាស្ថាបត្យកម្មប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងប្រកបទៅដោយទឹកដៃសមាហរណកម្ម ការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត ចំណេះដឹងមិនថាផ្នែកស្ថាបត្យកម្ម តារាសាស្ត្រ វិស្វកម្ម ព្រមទាំងអត្ថន័យយ៉ាងធំធេង ផ្នែកជំនឿសាសនា ហើយបានតាំងនៅលើទឹកដីដ៏សក្តិសិទ្ធនៃខេត្តសៀមរាប៕

ដោយ​៖សហការី​


ចែករំលែក៖