ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទទួលបានប្រាក់ចំណេញតែបែរជាកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់ទៅវិញ

ចែករំលែក៖

បើរាប់ពីសហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប និងអាស៊ី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោក មានចាប់ពី Microsoft និង Google រហូតដល់ Amazon, SAP និងក្រុមហ៊ុនជាច្រើនទៀតបានបញ្ឈប់បុគ្គលិកសរុបទាំងអស់រាប់ម៉ឺននាក់ចាប់តាំងពីដើមឆ្នាំនេះ ទោះបីជាពួកគេភាគច្រើនទទួលប្រាក់ចំណេញក៏ដោយ។

របាយការណ៍របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Jefferies បានឱ្យដឹងថា “ការកាត់បន្ថយចំនួនបុគ្គលិកគឺជាលទ្ធផលនៃការជួលលើសក្នុងអំឡុងពេលជំងឺរាតត្បាតនិងកំណើនតិចតួចលើប្រាក់ចំណេញក្រុមហ៊ុនពីការព្យាករណ៍ទុក” ។ម៉្យាងវិញទៀតជាមួយនឹងអត្រាការប្រាក់ និងអតិផរណាកាន់តែកើនឡើងធ្វើឲ្យ ប្រជាជនទូទៅរិតត្បិតក្នុងការចាយវាយប្រាក់កាក់ដើម្បីទិញរបស់របរប្រើប្រាស់ខណៈស្ថានភាពសេដ្ឋកិច្ចសកលពុំសូវមានភាពច្បាស់លាស់។

នេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗលើសកលលោកមួយចំនួន ដែលបានកាត់បន្ថយបុគ្គលិកចេញបើទោះបីជាក្រុមហ៊ុន ទទួលបានប្រាក់ចំណេញក៏ដោយ។

1. ក្រុមហ៊ុន Microsoft

បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន 16.4 ពាន់លានដុល្លារសម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ធ្លាក់ចុះ 8% ធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលរបស់ Microsoft Cloud មានចំនួន 27.1 ពាន់លានដុល្លារ កើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែមករាថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន 10,000 នាក់ ដើម្បីទប់ទល់នឹងកំណើនប្រាក់ចំណូលយឺត។

2. ក្រុមហ៊ុន Aphalbet

ក្រុមហ៊ុន Aphalbet ដែលជាក្រុមហ៊ុនអណាព្យាបាលរបស់ក្រុមហ៊ុន Googleបាន​ប្រកាស​នៅ​ខែ​មករា​ថា​នឹង​កាត់​បន្ថយ​កម្មករ​ចំនួន ១២.០០០​នាក់។ ក្រុមហ៊ុននេះរកប្រាក់ចំណូលអត់បានទេក្នុងត្រីមាសទី៤ ប៉ុន្តែអាចរក្សាកំណើនបាន១%ប្រចាំឆ្នាំបាននៅចុងខែធ្នូឆ្នាំមុន។

3. ក្រុមហ៊ុន Amazon

ក្រុមហ៊ុនលក់ទំនិញតាមអនឡានដ៏ធំរបស់អាមេរិកនេះបានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន18,000នាក់កាលពីខែមករាដើមឆ្នាំនេះ ហើយគ្រោងនឹងបន្តកាត់បន្ថយបុគ្គលិកចំនួន9,000នាក់បន្ថែមទៀតនៅក្នុងសប្តាហ៏បន្ទាប់ ប៉ុន្តែក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលលើកពីការរំពឹងទុករបស់អ្នកវិភាគសម្រាប់ត្រីមាសទី៤នៃឆ្នាំ២០២២។

តាមពិតទៅប្រាក់ចំណូលសុទ្ធបានកើនឡើង 9% ស្មើនឹង149.2 ពាន់លានដុល្លារក្នុងត្រីមាសទី៤ តែ ប្រាក់ចំណូលប្រតិបត្តិការនៅក្នុងត្រីមាសដូចគ្នាបានធ្លាក់ចុះដល់ 2.7 ពាន់លានដុល្លារ បើធៀបនឹង 3.5 ពាន់លានដុល្លារកាលពីឆ្នាំមុន។សរុបមក ឆ្នាំ 2022 គឺជាឆ្នាំនៃកំណើនយឺតបំផុតរបស់ Amazon ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានចុះបញ្ជីជាសាធារណៈក្នុងឆ្នាំ 1997។ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Amazon បាននិយាយថា ខ្លួនកំពុងទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចធ្លាក់ចុះ និងការកាត់បន្ថយនៃការចំណាយរបស់អ្នកប្រើប្រាស់។

4. ក្រុមហ៊ុន Sea Group

Sea Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ ពួកគេទទួលបានប្រាក់ចំណូលចំនួន422.8លានដុល្លារក្នុងត្រីមាសទី៤ឆ្នាំមុនដែលជាចំណូលដំបូងបង្អស់របស់ក្រុមហ៊ុនចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ2019មក។​ ក្រោយមកទៀតក្រុមហ៊ុន Sea Groupបែរជាប្រកាសកាត់បន្ថយបុគ្គលិកពេញម៉ោង៥០០នាក់នៅដើមឆ្នាំនេះហើយពួកគេបានបញ្ឈប់បុគ្គលិកអស់៧ពាន់នាក់កាលពីឆ្នាំមុន។

5. ក្រុមហ៊ុន SAP

ក្រុមហ៊ុនយក្សអាល្លឺម៉ង់SAPបាននិយាយថាខ្លួនជោគជ័យពេញមួយឆ្នាំ២០២២ដោយប្រាក់ចំណូលកើនរហូតដល់ទៅ២៤%បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ ក្រុមហ៊ុនដដែរនេះក៏បានទទួលផលចំណេញពី​ប្រតិបត្តិការ​ចំនួន២%ផងដែរ ប៉ុន្តែSAPនៅតែប្រកាសកាត់បន្ថយការងារ៣០០០កន្លែងខណៈថ្នាក់ដឹកនាំក្រុមហ៊ុនចង់បានប្រាក់ចំណេញទ្វេរដងសម្រាប់ឆ្នាំ២០២៣។

6. ក្រុមហ៊ុន Dell

ក្រុមហ៊ុនផលិតកុំព្យូទ័រDell បានប្រកាស់ពីប្រាក់ចំណេញរបស់ខ្លួន102.3 ពាន់លានដុល្លារក្នុងឆ្នាំ 2023 បើគិតត្រឹមថ្ងៃទី 3 ខែកុម្ភៈ កើនឡើង 1% ធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលប្រតិបត្តិការសម្រាប់ឆ្នាំនេះបានកើនឡើង 24% ស្មើនឹង 5.77 ពាន់លានដុល្លារ។

ក៏ប៉ុន្តែនៅក្នុងខែកុម្ភៈ ក្រុមហ៊ុន Dell បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិក 5% នៃកម្លាំងការងាររបស់ខ្លួន ឬប្រហែល 6,650 នាក់។

7. ក្រុមហ៊ុន Apple

បើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Bloombergក្រុមហ៊ុន Appleមិនត្រឹមតែកាត់បន្ថយចំនួនបុគ្គលិកច្រើននោះទេ ហើយថែមទាំងល្បឿននៃការរើសបុគ្គលិកថ្មីក៏មានភាពយឺតយ៉ាវជាងក្រុមហ៊ុន ផ្សេងៗដូចជា Google, Amazon, Microsoft និង Meta ក្រុមហ៊ុនApple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានខកខានក្នុងការរកប្រាក់ចំណូលនៅត្រីមាសដំបូងក្នុងឆ្នាំ២០២៣ ៕

ប្រភព​៖(cnbc)


ចែករំលែក៖