ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនក្មេងទំនើងបានចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ការឃាត់ខ្លួនក្មេងទំនើងនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ថា សុធា (ហៅពៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖
១.ឈ្មោះ ឡាត់ ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ
២.ឈ្មោះ រុន ចាន់រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ
៣. ឈ្មោះ វុន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ
៤.ឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ១៤ឆ្នាំ។ក្មេងទំនើងទាំង៤នាក់ មានទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
វត្ថុតាងដែលដកហូតបានរួមមាន៖ កាំបិតខ្វែវដងឈើប្រវែង១០៦សង់ទីម៉ែត្រ ចំនួន០១ដើម, កាំបិតខ្វែវដងដែកប្រវែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម,ដុំថ្ម ចំនួន០១ដុំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា នៅវេលាម៉ោង១៣និង៤៩នាទីជនរងគ្រោះបាន ជិះម៉ូតូជាមួយបងប្អូនជីដូនមួយ ទៅលេងផ្ទះបងប្រុសនៅម្តុំភូមិខ្លាកូនចាស់ ដើម្បីទៅចូលរួមកម្មវិធីខួបកំណើត ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល០៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានស្រែកជេរនិងបក់ដៃហៅរូបខ្លួន ពេលនោះរូបខ្លួនបានបត់ម៉ូតូមកវិញដើម្បីសួរនាំ តែពុំទាន់បានសួរផង ស្រាប់តែបក្សពួកមួយក្រុមដែលបានហៅខ្លួន បានយកដុំថ្មវ៉ៃមកលើក្បាលរូបខ្លួន និងបានវ៉ៃគ្នាទៅវិញទៅមក ធ្វើឱ្យរូបខ្លួនមានរបួសត្រង់កញ្ចឹងក ចំនួន០១កន្លែង និងឃើញក្រុមរបស់វាទាញកាំបិតខ្វែវ ចំនួន០២ដើម មកដេញកាប់រូបខ្លួន តែកាប់មិនត្រូវហើយរូបខ្លួន និងប្អូនបានរត់ចោលម៉ូតូ ពេលនោះពួកវា បានគប់និងកាប់បំផ្លាញម៉ូតូរបស់ខ្លួនបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។ ក្រោយពីទទួលបានពាក្យបណ្តឹង ខាងលើរួច នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៦ ខែមីនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមក សួរនាំតាមនីតិវិធីនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ ក្រោយឃាត់ខ្លួន និងសួរនាំរួចក្រុមក្មេងទំនើងទាំង៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្មេងទំនើងទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា