អ្នកចាត់ការក្លិប Fulham លោក Marco Silva ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវចំពោះការអត្ថាធិប្បាយដែលគាត់បានធ្វើបន្ទាប់ពីក្រុមរបស់គាត់ចាញ់ក្នុងពានរង្វាន់ FA Cup ក្រោមថ្វីជើងក្រុមបិសាចក្រហម Manchester United ។
លោក Silva ត្រូវបានបណ្ដេញចេញអំឡុងពេលការប្រកួតចំពេលមានការខឹងសម្បា និងប៉ះទង្គិចគ្នានៅនាទីទី៧០ដែលជាលទ្ធផល Man Utdត្រូវបានអាជ្ញាកណ្ដាល Chris Kavanagh ផ្ដល់បាល់ពិន័យ១១ម៉ែត្រ។
សមាគមកីឡាបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់ការអត្ថាធិប្បាយក្រោយការប្រកួតរបស់លោក Silva ថា “ជាការប្រព្រឹត្តមិនត្រឹមត្រូវ ដោយពួកគេបង្ហាញពីភាពលម្អៀង និង/ឬចោទសួរពីភាពត្រឹមត្រូវនៃការប្រកួតផ្លូវការ និងធ្វើឱ្យការប្រកួតនេះទៅជាមិនសមរម្យ”។
លោក Silva វ័យ៤៥ឆ្នាំមានរយៈពេលរហូតដល់ថ្ងៃពុធទី២៩ ខែមីនាដើម្បីផ្តល់ការឆ្លើយតប។ ការចោទប្រកាន់នេះគឺបន្ថែមលើគ្រូបង្វឹករបស់ក្លិបFulham រូបនេះដែលត្រូវបានចោទប្រកាន់រួចហើយពីបទបំពានលើមន្ត្រីការប្រកួតក្នុងអំឡុងពេលចាញ់ ៣–១ នៅ Old Trafford។លោក Silva ក៏ប្រឈមនឹងការចោទប្រកាន់ពីការប្រព្រឹត្តមិនសមរម្យពីបទគប់ដបទឹកដាក់ជំនួយអាជ្ញាកណ្តាលផងដែរ។
ក្រុមបិសាចក្រហម Man United បានទទួលការពិន័យបន្ទាប់ពីការត្រួតពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដែលបណ្តាលឱ្យខ្សែបម្រើស្លាបប្រេស៊ីល Willian ត្រូវបានបណ្តេញចេញដោយសារយកដៃរងបាល់ដែលកៀកនឹងចូលទីដោយចេតនានៅក្នុងតំបន់ពិន័យ។
លោកអាជ្ញាកណ្តាល Kavanagh ក៏បានបណ្តេញលោក Silva ដោយផ្តល់កាតក្រហមសម្រាប់សកម្មភាពរបស់គាត់ដែលបង្ហាញកាយវិការមិនសមរម្យ និងតវ៉ា ខណៈដែលអាជ្ញាកណ្តាលបានដើរកាត់គាត់ដើម្បីមើលអ្នកត្រួតពិនិត្យទីលាន។ ចំណែកខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លិប Fulham បានទទួលកាតក្រហមជាប់ៗគ្នាសម្រាប់ការរុញច្រានអាជ្ញាកណ្តាល Kavanagh ហើយកំពុងប្រឈមមុខនឹងបម្រាមរយៈពេលយូរ។
លោក Silva បាននិយាយក្រោយការប្រកួតថា “រឿងរបស់យើងជាមួយ Chris Kavanagh ក្នុងរដូវកាលនេះគឺពិបាកសម្រាប់យើង។ ជាអកុសល យើងពិតជាសំណាងអាក្រក់ជាមួយគាត់ក្នុងរដូវកាលនេះ។ ពេលវេលាជាច្រើន វាពិបាកក្នុងការយល់អំពីការសម្រេចចិត្តមួយចំនួន”។
គ្រូបង្វឹករូបនេះបញ្ជាក់ថា “យើងមានការប្រកួតនៅ West Ham នៅក្រៅផ្ទះក្នុងខែតុលា។ យើងបានចាញ់ការប្រកួតជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងច្បាស់ចំនួន២គ្រាប់ ហើយមានអាជ្ញាកណ្តាល Chris Kavanagh ក្នុងពេលនោះ។ ថ្ងៃនេះអ្នករាល់គ្នាបានឃើញនូវអ្វីដែលកំពុងកើតឡើងនៅក្នុងការប្រកួតនេះ វាពិបាកសម្រាប់ពួកគេក្នុងការកុំស្វែងរកការស្មើភាពទាំងនេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)