ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឱ្យ មន្ទីរសុខាភិបាល បន្ដសហការជាមួយ អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យប្រើវិធានការច្បាប់ ចំពោះគ្លីនិក អត់ច្បាប់ ហាងកែសម្ភស្ស និងវិធានការក្ដៅ រថយន្ដដណ្ដើមដឹកអ្នកជំងឺគ្រោះថា្នក់ចរាចរណ៍តាមដងផ្លូវ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឲ្យបានល្អ ជាមួយ អាជ្ញាធរខណ្ឌទាំង ១៤ ដើម្បីជំរុញការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀតពោលគឺធ្វើយ៉ាងណាឲ្យសក្តិសម ពេទ្យមានគុណធម៌ ជាកងទ័ពអាវស ។
ការណែនាំបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះ ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារ សុខាភិបាលឆ្នាំ២០២២ និងលើក ទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បុគ្គលិកពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសនៅក្នុងយុទ្ធនាការនៃការបង្ការទប់ស្កាត់ជំងឺ covid-19 ។
ពេទ្យរបស់យើង ពិតជាមានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់គ្រូពេទ្យបរទេសនោះទេ។ អ្វីដែលយើងខ្វះខាតនោះ គឺយើងមិនទាន់មានម៉ាស៊ីនទំនើបៗ ដូចបណ្ដាប្រទេសជឿនលឿនមួយចំនួន តែសមត្ថភាពគ្រូពេទ្យយើងមិនអន់នោះទេ។
លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវ ចុះ អឹមអូយូ(mou) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការ ងារលើវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវ បន្តការសហការជាមួយអាជ្ញាធរខណ្ឌ ចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ឬមិនមានច្បាប់។យើងមិនអាចទុកឱ្យមានអ្នកជំងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ អ្វីដែលល្អបំផុតគឺការអនុវត្តការងារជាក្រុម។ ដោយមើលឃើញពីបញ្ហានេះ ទើបរាជរដ្ឋាភិបាល ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ សំដៅ ឱ្យការផ្តល់សេវា ត្រូវតែនៅគៀកកិត និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បញ្ជាក់ផងដែរថា អង្គសន្និបាតនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អ្នកជំនាញឯកទេស អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បានផ្លាស់ប្តូរបច្ចេកទេស វិធីសាស្ត្រព្យាបាល វិជ្ជាជីវៈឯកទេស បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការបង្កើនប្រសិទ្ធភាពថែមទៀត នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់មន្ទីរនៅក្នុងឆ្នាំ២០២៣នេះឱ្យបាន កាន់តែប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃសេវា និងត្រៀមខ្លួនចូលរួមបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងគ្រប់ប្រភេទ ពិសេសជំងឺកូរីដ-១៩ បំប្លែងថ្មី ភាពស៊ាំនៃជំងឺ និងជំងឺកាចសាហាវផ្សេងៗទៀត ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងផងដែរថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយប្រធាន ០១រូប អនុប្រធានចំនួន ០៤រូប និងមានការិយាល័យចំណុះចំនួន ០៤រួមមាន៖ ការិយាល័យរដ្ឋបាល- បុគ្គលិក ការិយាល័យគណនេយ្យ-ហិរញ្ញវត្ថុ ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងការិយាល័យនិយ័តកម្ម សុខាភិបាល ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកកម្រិតCPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន ៤៣ និងប៉ុស្តិ៍សុខភាពចំនួន ៧ទីតាំង និងមានមន្ត្រី និងបុគ្គលិក សុខាភិបាលសរុបចំនួន ១.៣៩២រូប (ស្រ្តីចំនួន ៧៦៦រូប)។
លោកបន្តថា នៅក្នុងឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ លទ្ធផលទាំងនេះ បានមកពីការខិតខំ ប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៏សុខាភិបាល និងការចូលរួមរបស់សហគមន៏។
កត្តាគន្លឹះដែលនាំឲ្យសំរេចបាននូវសមិទ្ធផលខាងលើគឺ ដោយមានការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕
ដោយ ៖ សំរិត