ព័ត៌មានទាន់ហេតុការណ៍៖

នាំខ្លួន​បុរស២នាក់​ យកមកសាកសួរ​​ខណៈរកឃេីញមានសុកមនុស្ស​ចំនួន​ ២ស្បោង​ធំៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ពីរនាក់​ ម្នាក់ជាបុគ្គលិកមន្ទីរពេទ្យជប៉ុន​ និងម្នាក់ទៀតជាអ្នករក​ស៉ី​ដឹកទំនិញ​ ត្រូវ​បានកម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ នាំខ្លួន​យកមកសាកសួរ​​ បន្ទាប់ពីរកឃេីញមានសុកមនុស្ស​ចំនួន​ ២ស្បោង​ធំៗ។

បេីតាមការ​បញ្ជាក់ពី​មន្រ្តី​នគរបាល​ប៉ុស្តិ៍​ស្រះចក​ បានឱ្យដឹងថា​ បុរស​ទាំងពីរ​នាក់​ដែល​សមត្ថកិច្ច​នាំមកសាកសួរនេះ​ ទី១​ឈ្មោះ​ ហុក​ វិចិត្រ​ ភេទប្រុស​ មុខរបរ​អ្នកដឹកទំនិញ​ និងទី២ឈ្មោះ​  ភារុណ​ ភេទប្រុស​ ជាបុគ្គល​មន្ទីរ​ពេទ្យ​ជប៉ុន​។ 

មន្រ្តី​ដដែល​បន្ត​ថា​ កាលពី​វេលាម៉ោងប្រហែល​ជាង​ ៨ព្រឹកថ្ងៃអង្គារទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ កម្លាំង​ប្រជាការពារ​ខណ្ឌដូនពេញ​ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន​ក៏ប្រទះឃេីញ​បុរសម្នាក់​ ឈ្មោះ​ ហុក​ វិចិត្រ​ បានឈប់នៅខាងក្រោយរបងមន្ទីរពេទ្យ​ ដោយមានស្បោងខ្មៅធំៗចំនួន២​ស្បោង​ និងមានការសង្ស័យក៏សួរនាំ​ និងឆែកឆេរ​ស្រាប់តែ​ប្រទះឃើញ​សុកមនុស្ស​ ដែលមានឈាមប្រលាក់ពេញស្បោង។ ភ្លាមនោះ​ក៏រាយការណ៍ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រះចក​ ដេីម្បីចុះមក​ត្រួតពិនិត្យ​មេីលជាក់ស្ដែង​ និងបាននាំខ្លួនបុរសរូបនោះមកសាកសួរតែម្តង។ 

ប្រភពដដែលបន្តថា​ បន្ទាប់ពី​នាំខ្លួនឈ្មោះ​ ហុក​ វិចិត្រ​ មកសាកសួរ​រូបគេបានឆ្លេីយថា​ សុកមនុស្សចំនួន២ស្បោង​នេះ​ គឺបុគ្គលិកមន្ទីរពេទ្យជប៉ុនម្នាក់​ ឈ្មោះ​ ភារុណ​ ឱ្យ​ខ្លួនដឹកយកទៅវត្ត​វ៉ារិន​ ដេីម្បីយកទៅដុតកម្ទេចចោលក្នុងឡ​ ប៉ុន្តែ​រៀបនិងយកទៅវត្ត​ស្រាប់តែ​ប្រជាការពារ​ខណ្ឌដូនពេញ​ មកឃាត់សួរនាំតែម្តង។ 

​ដោយឡែកជុំវិញករណីនេះដែរ​ លោក​វរសេនីយ៍ទោ​​ ស៊ុយ​ សារិទ្ធ​ អធិការរង​ ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ ចំពោះ​ករណី​រកឃើញ​សុកមនុស្សចំនួន​ ២ស្បោងនេះ​ លោកបានសាកសួរបញ្ជាក់ទៅខាងរដ្ឋបាលរបស់មន្ទីរពេទ្យជប៉ុន​ បានបញ្ជាក់យ៉ាងដូច្នេះថា​៖​ ការដែលដឹកសុកមនុស្សនេះតាមរយៈម៉ូតូ​នៅថ្ងៃនេះ​ ដោយសារតែសុក​ មានចំនួនតិចតួចទេីបឱ្យម៉ូតូដឹកយកទៅវត្ត​វ៉ារិនដែលជាកន្លែងដុតកម្ទេចសុកទាំងនោះ​ចោល ដូចសព្វដង។ ហេីយជារៀងរាល់ថ្ងៃប្រសិនបេីមានសុកច្រេីន​ គឺខាងមន្ទីរពេទ្យតែងតែដឹកតាមរថយន្ត​ពេទ្យ​ យកទៅកម្ទេចចោល​ គឺលេីកលែងតែសុកមានចំនួនតិចតួចទេីបដឹកតាមម៉ូតូ ៕

ដោយ​៖សហការី​


ចែករំលែក៖