ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ទៅជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និង ស្ទឹងត្រែង

ចែករំលែក៖

ខេត្តព្រះវិហារ៖ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះបញ្ជស័កព.ស២៥៦៧​ ខាងមុននេះ​ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក កើត ឆែ តំណាងឲ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២៣​ រួមនឹងប្រតិភូរួមដំណេីរ​បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវិរៈកងទ័ព វីរៈនគរបាលដែលឈរជើងការពារព្រំដែននៃកងពលធំ អន្តរាគមន៍លេខ៣ទិសប្រាសាទព្រះវិហារព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។

    លោកឧត្តមសេនីយ៍ មេបញ្ជាការ រងកងទ័ពជេីងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣បានថ្លែងថា៖ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តីតែកងទ័ពយើងមិនបានធ្វេសប្រហែសនិងមើលស្រាលសភាពការណ៍នោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។

លោកឧត្តមសេនីយ៍ ថ្លែងទៀតថា៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ព័ន្ធភាពបានធ្វើឲ្យជីវភាពកងទ័ពនិងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។ 

   លោកឧត្តមសេនីយ៍ បានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ជាង២ឆ្នាំកន្លងមក និងក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក យើងបានកសាងផ្លូវរួមជាមួយការជួយឧបត្ថម្ភនិងគិតគូរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការជួយឧបត្ថម្ភពីសាលារាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ព័ន្ធភាពជាមួយអង្គភាពកងទ័ពនៅទិសប្រាសាទព្រះវិហារ ក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ ។ 

     លោក កើត ឆែ មានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូរអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិបន្តទៀត នឹងគាំទ្រ លោកឯកឧត្ដមបណ្ឌិត ហ៊ុន​ ម៉ាណែត​ ជាបេក្ខភាព​នាយករដ្ឋមន្ត្រីសំរាប់ពេលអនាគត ។ 

    លោកបន្តថា៖ ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។ 

      សម្រាប់រដ្ឋបាលរាជធានីភ្នំពេញគិតមកដល់ពេលនេះបានបង្កើតអនុស្សារណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២គឺ៖កងពលធំអន្តរាគមន៏លេខ៣ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៏លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែងក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខក៏ដូចពង្រឹងវប្បធម៌ចែករំលែកផងដែរ។

     ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលត្រូវបាននាំយកទៅជូនកងទ័ពនាឧឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួម មាន៖ សំរាប់កងពលធំអន្តរាគមន៏លេខ៣ចំនួន២០ លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល ២០រូប ក្នុង១រូបថវិកា ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុ សេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល។ ព្រមទាំង នាយទាហាន ពលទាហាន ថវិកាក្នុងម្នាក់៥ម៉ឺនរៀល ។     

     សម្ភារ និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ,មី ៣០០កេស ,ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ទឹកត្រី២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, អំពូលភ្លេីងសឡា​៥២ឈុត​ គោយន្ត២គ្រឿង។ ជាមួយគ្នានេះវរៈនគរបាលកាពារព្រំដែន៧៩៣​ បញ្ជាការដ្ឋានអង្គរក្ស​ វរៈសេនាតូចអន្តរាគមន៏លេខ២៨១​.២៨២ .២៨៣.២៨៤ និង២៨៥ក៏ទទួលបានអំណោយដូចគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់អង្គភាពនីមួយៗ៕ 

ដោយ ៖ សំរិត


ចែករំលែក៖