ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីដែលរៀបចំឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ ដោយមានការសំណូមពរផ្ទាល់ពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ លោករ័ត្ន ស្រ៊ាង ក៏បានជួយក្រាលការ៉ូឡានៅទីធ្លាដងទង់ជាតិទំហំ២៤០ម៉ែត្រក្រឡា និងឧបត្ថម្ភថ្មមិចចំនួន៣រថយន្តដើម្បីចាក់ក្នុងទីធ្លាសាលារៀនថែមទៀតផង។ 

    នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ក៏បាននាំយកទឹកសុទ្ធនិងទឹកភេសជ្ជៈចម្រុះក្លាស្សេចែកជូនដល់ក្រុមការងារចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមថ្នាក់រៀននីមួយៗក្នុងវិទ្យាល័យទាំងអស់សរុបចំនួន៧៥៨នាក់បានបរិភោគគ្រប់ៗគ្នា ។

បន្ទាប់មក លោក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងារសង្កាត់-ភូមិម្នាក់ៗទទួលបាន៣០,០០០៛ យុវជន សសយក និងយុវសិស្សជាអ្នកសម្តែងសិល្បៈរបាំឆៃយ៉ាំ ព្រមទាំងកម្លាំងការពារសណ្តាប់ធ្នាប់ក្នុងម្នាក់ៗទទួលបាន២០,០០០៛ ផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖