ប៉ូលិសអេស្ប៉ាញ និងតំណាងម្ចាស់សណ្ឋាគារបាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលិកអាយុ២៧ឆ្នាំនៅសណ្ឋាគារ Madrid ដែលរៀបចំក្រុមម៉ារ៉ុកត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើម (រើសអើងជាតិសាសន៍) បន្ទាប់ពីបានបង្ហោះមតិប្រមាថសាសនាអ៊ិស្លាម និងការជេរប្រមាថលើកីឡាករនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ប៉ូលិសក្នុងតំបន់បាននិយាយថា បុគ្គលិកដែលជាអ្នករត់តុនៅសណ្ឋាគារលំដាប់ផ្កាយ៥ Eurostars នៃរដ្ឋធានីអេស្ប៉ាញបានសុំអ្នកលេងថតរូបជាមួយគាត់។ បន្ទាប់មកគាត់បានបង្ហោះរូបភាពទាំងនោះទៅក្នុង Instagram ជាមួយនឹងការប្រមាថមើលងាយចំពោះជនភៀសខ្លួន និងបាន Tag ឲ្យគណនីរបស់ក្រុមម៉ារ៉ុកជាមួយនឹងការបង្ហោះយ៉ាងឆាប់រហ័សទទួលបានការចូលមើលជាង៧០,០០០ដង។ បុរសនោះត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងពេលឆាប់ៗនេះ។
Hotusa ដែលជាតំណាងម្ចាស់សណ្ឋាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងចង់ផ្តល់នូវការសុំទោសដោយស្មោះបំផុតរបស់យើងទាក់ទងនឹងការអត្ថាធិប្បាយដ៏អកុសល គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាននៃធម្មជាតិប្រកាន់ពូជសាសន៍ និងការរើសអើងពូជសាសន៍។ អ្នករត់តុជាបុគ្គលិកខាងក្រៅដែលបានជួលម្តងម្កាល ហើយមិនមែនជាផ្នែកនៃបុគ្គលិកធម្មតារបស់សណ្ឋាគារនោះទេ”។
នៅពេលសួរអំពីឧបទ្ទវហេតុនេះ លោក Walid Regragui គ្រូបង្វឹកប្រទេសម៉ារ៉ុក បានសំដៅទៅលើរយៈពេលដ៏ពិសិដ្ឋដែលកំពុងបន្តនៃបុណ្យរ៉ាម៉ាដាន ដែលត្រូវបានគេស្គាល់នៅក្នុងពិភពអ៊ិស្លាមថា ជាខែនៃការអភ័យទោស និងការអត់ឱន។
លោក Regragui បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនទទួលយកការរើសអើងជាតិសាសន៍ទេ ប៉ុន្តែយើងចង់បង្ហាញថា សាសនាអ៊ិស្លាមគឺជាសាសនានៃការអត់ឱន។ យើងអត់ទោសឱ្យបុគ្គលនេះស្របតាមតម្រូវការនៃសាសនាអ៊ិស្លាម និងទំនៀមទម្លាប់របស់ប្រជាជនម៉ារ៉ុក។កម្មករបានធ្វើខុស ហើយបានអញ្ជើញគាត់ទៅទស្សនាប្រទេសម៉ារ៉ុក ដើម្បីមើលបរិយាកាសរវាងអ្នកកាន់សាសនាអ៊ិស្លាម ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន”។
គួរបញ្ជាក់ថា ម៉ារ៉ុកបានយកឈ្នះប្រេស៊ីលក្នុងលទ្ធផល ២–១ កាលពីចុងសប្តាហ៍មុន ដើម្បីសម្រេចបាននូវជ័យជម្នះលើកដំបូងមិនធ្លាប់មានសម្រាប់ប្រទេសអារ៉ាប់មួយលើក្រុមម្ចាស់ជើងឯកពិភពលោកចំនួន៥សម័យកាល ដែលជាកំពូលតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ។
ម៉ារ៉ុកក៏បានក្លាយជាក្រុមអារ៉ាប់ដំបូងគេដែលបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំមុន និងជាក្រុមអាហ្វ្រិកដំបូងគេដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានផ្តួលក្រុមបែលហ្ស៊ិក,អេស្ប៉ាញ និងព័រទុយហ្គាល់ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)