ព័ត៌មានទាន់ហេតុការណ៍៖

យុវតីពីរនាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ម្នាក់,របួសធ្ងន់ម្នាក់ក្នុងករណីជិះម៉ូតូបុកដើមឈើ

ចែករំលែក៖

ខេត្តរតនគិរី ៖ យុវតី២នាក់ម្នាក់រងរបួសធ្ងន់និងម្នាក់ ទៀតស្លាប់ បន្ទាប់ពីពួកគេទាំងពីរនាក់នោះ ជិះម៉ូតូឌុបគ្នា ទៅបុកដើមឈើដួលកាត់ផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង០០និង២០នាទី យប់ឆ្លងចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិកាឡៃ ឃុំកាឡៃ ស្រុកអូជុំ ខេត្តរតនគិរី។ 

នារីទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់០១៥ ពណ៌ ខ្មៅពាក់ស្លាកលេខ រតនគិរី 1C-0990 មានឈ្មោះ កាដុង ណាង អាយុ ១៧ឆ្នាំ ជាកសិកររស់នៅភូមិឃួន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ ជាអ្នកបើកបរ រងរបួសបាក់ភ្លៅខាងស្ដាំ។ ចំណែកម្នាក់ទៀតឈ្មោះ ប្លង់ កាពឹស ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិគ្រឹង ជាកសិករដូចគ្នាមានលំនៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់បានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយពីទទួលបានដំណឹងកម្លាំងជំនាញសហការជា មួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកាឡៃចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យស៊ើបអង្កេត។ សមត្ថកិច្ចរកឃើញ ថា កន្លែងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខរតនគិរី1C-0990 ដោយសភាពម៉ូតូ មានការខូចខាតផ្នែកខាងមុខនិងក្បាលផ្នែកខាងមុខ បុកជាមួយ នឹងដើមឈើបាក់កាត់ទទឹងផ្លូវ។ ដោយកន្លែងកើតហេតុផ្លូវមានសភាពស្ងាត់ និងដីហុយខ្លាំង។ តាមការស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុជំនាញសន្និដ្ឋានថាករណីនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរម៉ូតូក្នុងល្បឿនលឿន ដោយស្ថានភាពផ្លូវហុយខ្លាំងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកដើមឈើបាក់កាត់ទទឹងផ្លូវ។

បន្ទាប់ពីជំនាញពិនិត្យ និងធ្វើកំណត់ហេតុរួច វត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ត្រូវបានសាច់ ញាតិសុំយកទៅផ្ទះដើម្បីជួសជុលប្រើប្រាស់ឡើងវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖