ខេត្តមណ្ឌលគីរី ៖ យោងតាមប្រភពពីលោកវរសេនីយ៍ ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារឱ្យ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅ ក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕
ដោយ៖ សិលា