ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាក Bentley មួយគ្រឿងក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងខ្លាំង ដែលហេតុការណ៍នេះកើតឡេីងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខាងជេីងភ្លើងស្តុបជលផលប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងគេសង្កេតឃេីញរថយន្តម៉ាក BENTLEY CONTINENTAL ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-2222 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជេីងទៅត្បូងដោយល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់ចំនួន២កង់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត រីឯរថយន្តបង្កបានដាច់កាឡេនិងបែកកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមៗនោះគេឃេីញមានបុរសម្នាក់ជាជនជាតិបរទេសបេីកទ្វាររថយន្តបង្កចេញមកខាងក្រៅដោយមិនមានរងរបួសដល់ខ្លួនឯងនិងអ្នកដទៃនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ