ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០០គ្រួសារទៀតនៅស្រុកសំឡូត ខេត្តបាត់ដំបង

ចែករំលែក៖

 ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៣ នេះលោក សុខ លូ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តដឹកនាំសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន១០០គ្រួសារ ទៀតមកពី ឃុំចំនួន៣នៃស្រុកសំឡូត ក្នុងនោះឃុំតាសាញប៉ះពាល់ចំនួន៧២គ្រួសារ លើភូមិចំនួន៤ បណ្តាលអោយ(រលំទាំងស្រុង ២ខ្នងផ្ទះ និងបើងដំបូល៧០ខ្នងផ្ទះ) ក្នុងនោះឃុំអូរសំរិល ប៉ះពាល់ចំនួន ២៥គ្រួសារ មកពីភូមិចំនួនចំនួន៣(រលំទាំងស្រុង២ខ្នង និងរបើកដំបូល២៣ ខ្នង) និងឃុំស៊ុងប៉ះពាល់៣គ្រួសារ លើភូមិចំនួន១ក្នុងនោះ (របើកដំបូល៣ខ្នង)។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅទីតាំងវត្តតាសាញ់ចាស់ ឃុំតាសាញ់ស្រុកសំឡូត ។

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ   បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ 

លោកប្រធានគណៈកម្មាធិការសាខាបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកប្រធានបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

 លោកសុខ លូ បានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ពេលមានញភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ  សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ លោកប្រធានក៏បាន កោតសរសើរអាជ្ញាធរស្រុក មេឃុំ មេភូមិ និងកងកម្លាំងក្នុងមូលដ្ឋានដែលបានយកចិត្តទុកដាក់ធ្វើកិច្ចការជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។ ហើយសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានធ្វើការណែនាំឱ្យសាខានាំយកស្បៀងរបស់សាខាខេត្ត ដែលបានពីការចូលរួមពីសប្បុរសជននា នាក្នុងទិវាខួបកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាកន្លងមក ដើម្បីយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ ។ 

នាឱកាសនេះដែរ លោកប្រធានបានលើកឡើងថា សូមបងប្អូនដែលមិនទាន់មានអត្តសញ្ញណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា។ លោកបន្តថា មានសន្តិតភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ យើងគ្រប់គ្នារស់នៅក្រោមម្លប់សន្តិភាព ហេតុសូមរួបរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ដោយលោកយាយ លោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ លោកប្រធាន បានក្រើនរំលឹកបន្ថែមដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើលើដងផ្លូវសាធារណ:ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ យើងក៏មិនត្រូវបណ្តោយខ្លួនយើងស្លាបឬ ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ មុង១ សំពត់ថង់១ ផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖