អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Pawel Jablonski បាននិយាយថា ប្រទេសលោកខាងលិចបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដាក់រុស្ស៊ីឱ្យនៅឯកោលើឆាកអន្តរជាតិ ចំពេលទីក្រុងមូស្គូចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១ ខែមេសា។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ នៅពេលសួរអំពីការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ដែលប្រឆាំងនឹងទីក្រុងមូស្គូក្នុងការទទួលតួនាទីដឹកនាំក្នុងក្រុមប្រឹក្សាសន្តិសុខ អ្នកការទូតប៉ូឡូញបាននិយាយថា “នេះគឺជាភស្តុតាងបង្ហាញថា នៅក្នុងអង្គការអន្តរជាតិ យន្តការនៃភាពឯកោរបស់រុស្ស៊ីគឺមិនមានទេ»។
លោក Jablonski ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីគួរតែត្រូវបាន “ដកចេញឬព្យួរពីការចូលរួម” នៅក្នុងអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំង 5 ហើយវាមានអំណាចវេតូ ដូច្នេះវាស្ទើរតែមិនអាចទៅរួចទេក្នុងការដករុស្ស៊ីចេញពីស្ថាប័ននេះ។
អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញក៏បានទទួលស្គាល់ដែរថា ទោះបីមានជម្លោះនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែក្រុងមូស្គូមានសម្ព័ន្ធមិត្តជាច្រើនក្នុងប្រទេសផ្សេងទៀត។
រុស្ស៊ីបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខតាមវេនប្រចាំខែនៅថ្ងៃទី១ មេសា។ ខណៈនេះបានទាញការរិះគន់ពីអ៊ុយក្រែន អាមេរិកមានអាកប្បកិរិយាខុសគ្នា។ លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre បានជំរុញឱ្យរុស្ស៊ី “ប្រព្រឹត្តប្រកបដោយវិជ្ជាជីវៈ” ។ លោកស្រីក៏បាននិយាយផងដែរថាមិនមាន “ផ្លូវច្បាប់អន្តរជាតិដែលអាចសម្រេចបាន” ដើម្បីផ្លាស់ប្តូរការណ៍ពិតដែលថារុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP