ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី៤ ខែមេសា ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីជប់លៀងរបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) នៅសណ្ឋាគារ Sun and Moon Riverside ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
គួរបញ្ជាក់ថា ពិធីជប់លៀងពិសាអាហារពេលល្ងាចរបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា MACPP បានប្រារព្ធឡើងក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងវិស័យយោធា រវាងអនុព័ន្ធយោធាប្រចាំកម្ពុជា ជាមួយអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃនេះ ! បានគូសបញ្ជាក់ថា សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពទាំងពីរ កម្ពុជា-ចិន និងរួមចំណែកអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីមានការរីកចម្រើនឥតឈប់ឈរ និងត្រូវបានបន្តពង្រឹងពង្រីកឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាសទទួលស្វាគមន៍ដល់គណៈប្រតិភូ និងនាវាកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយឧត្តមសេនីយ៍ឯក វៃ វិនហុយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នាថ្ងៃទី៤ មេសា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសមកបំពេញទស្សនកិច្ច និងចូលរួមសមយុទ្ធនាគមាសឆ្នាំ២០២៣ ជាមួយកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជឿជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ពិតជាបានបង្កើនសមត្ថភាព និងចំណេះដឹងដល់កងទ័ពប្រទេសទាំងពីរថែមមួយកម្រិតទៀត ក្នុងនោះបានផ្លាស់ប្តូរបទពិសោធន៍បីគ្នាទៅវិញទៅមក ទាំងការដឹកនាំបញ្ជា យុទ្ធវិធី ក៏ដូចជាបច្ចេកវិជ្ជាយោធាថ្មីៗ ដើម្បីឱ្យកិច្ចសហការអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ពេលមានសភាពការណ៍កើតឡើង៕
ដោយ ៖ សិលា