សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា មេបញ្ជាការយោធារុស្ស៉ីម្នាក់បាននិយាយថា រុស្ស៉ីមានផែនការធ្វើកំណែទម្រង់កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីទទួលបានបទពិសោធន៍ថ្មី ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយទន្ទឹមគ្នានោះទីក្រុងមូស្គូក៏នឹងពង្រឹងការការពារដែនអាកាសនៅក្បែរហ្វាំងឡង់ផងដែរ ក្រោយហ្វាំងឡង់ទើបក្លាយជាសមាជិកអង្គការណាតូ (NATO)។
ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ការប្រយុទ្ធគ្នាបានប្រែក្លាយមកជា សង្រ្គាមបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក ដោយប្រភេទអាវុធដែលត្រូវបានប្រើប្រាស់គឺជាយន្តហោះដ្រូនហើយនិងមីស៉ីល ជាហេតុនាំឱ្យសមត្ថភាពការពារដែនអាកាសទាំងនៅអ៊ុយក្រែនក៏ដូចជានៅរុស្ស៉ីផ្ទាល់ត្រូវស្ថិតក្រោមការស្ទាបស្ទង់ធ្វើតេស្ត។
ក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយសារព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៉ី ឧត្តមសេនីយ៍ឯកលោក អាន់ដ្រី ដេមីន (Andrei Demin) អគ្គមេបញ្ជាការរងនៃកងកម្លាំងដែនអាកាសរុស្ស៉ីបាននិយាយថា កងកម្លាំងការពារដែនអាកាសបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនចំពោះមុខការវាយប្រហារពីអ៊ុយក្រែន។
លោក ដេមីន បាននិយាយថា ការធ្វើកំណែទម្រង់ច្បាស់ណាស់គឺកំពុងត្រូវបានគ្រោងឡើង ហើយនឹងត្រូវដាក់ឱ្យអនុវត្ត ខណៈគោលបំណងនៃការផ្លាស់ប្តូរនាពេលខាងមុខនេះ គឺដើម្បីអភិវឌ្ឍឱ្យកងកម្លាំងយោធា
រុស្ស៉ីមានភាពរីកចម្រើនជាងមុន ជាមួយគោលដៅជាពិសេស គឺធ្វើឱ្យសមត្ថភាពការពារដែនអាកាសរបស់ប្រទេសរុស្ស៉ីមានភាពប្រសើរឡើងជាងមុន។
បើតាមឧត្តមសេនីយ៍រូបនេះ រុស្ស៉ីក៏ត្រៀមពង្រឹងការការពាររបស់ខ្លួន នៅតំបន់ព្រំដែនភាគពាយព្យប្រទេសផងដែរ ដោយស្របទៅតាមការកើនឡើងនៃកម្រិតគំរាមកំហែង ក្រោយហ្វាំងឡង់ដែលមានព្រំប្រទល់១,៣០០គីឡូម៉ែត្រជាប់រុស្ស៉ីបានក្លាយជាសមាជិកទី៣១ របស់បក្សសម្ព័ន្ធយោធាលោកខាងលិច NATO៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN