ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យក្រុមការងារមន្ទីរធម្មការនិងសាសនាត្រូវគ្រប់គ្រង ពិធីបុណ្យកាត់ឫសសីមាក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន ថ្ងៃទី២៤មេសា ២០២៣ នៅវត្ដព្រះបារមីវង្គតបុរីឱ្យបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារមន្ទីរធម្មការនិងសាសនាត្រូវគ្រប់គ្រង ពិធីបុណ្យកាត់ឫសសីមាក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន ថ្ងៃទី២៤មេសា ២០២៣ នៅវត្ដព្រះបារមីវង្គតបុរីឱ្យបានល្អប្រសើរ ។ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្កតបុរីមានរយៈ ពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសា ។

ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែននឹងអញ្ជើញជាអធិបតីដ៏ខ្ណង់ខ្ពស់ក្នុងពិធីកាត់ឫសសីមា។ 

ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងបានដឹកនាំក្រុមការជំនាញចុះពិនិត្យទីតាំងជាក់ស្តែងក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនជ័យ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។

ជាក់ស្តែងកាលពីសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣នេះ លោកឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងប្រារព្ធពិធី នៅទីតាំងរៀបចំវេទិកាគណអធិបតី ព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ លោកឃួងស្រេង បានជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យបានល្អ លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។

នៅក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកម្សាន្ត ក្នុងនោះមានក្រុមល្ខោនបាសាក់, ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគំតន្ត្រីផងដែរ ។ដូច្នេះហើយទើបលោកជំរុញញអោយមានការរៀបចំអោយបានល្អប្រសើរ។

សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតា បិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃទី២៤មេសាសម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញកាត់ឫសីមាដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ដោយ ៖ សំរិត


ចែករំលែក៖