ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរមកលេងខេត្តកោះកុង ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថយចុះ២២.៤៩៨នាក់

ចែករំលែក៖

  ខេត្តកោះកុង ៖ មន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរដែលធ្លាប់តែមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តបានថយចុះ២២.៤៩៨នាក់ បើគិតជាភាគរយស្មើនឹង៥៧%។

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្មីៗនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែ១៦.៣០៦នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកទេសចរក្នុងស្រុកចំនួន១៥.៩៨០នាក់ និងទេសចរបរទេសចំនួន៣២៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២ ថយចុះ២២.៤៩៨នាក់។

ការធ្លាប់ចុះនៃចំនួនទេសចរមកលេងកម្សាន្តបែបនេះ ត្រូវបានលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងថា បណ្តាលមកពីស្ថានភាពផ្លូវជាតិលេខ៤៨លំបាកធ្វើដំណើរ ខណៈផ្លូវកំពុងបើកការដ្ឋានស្ថាបនាថ្មីឡើងវិញ។ ចំពោះម្ចាស់សេវាកម្មដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនក៏បានតម្លើងថ្លៃផងដែរ ទោះបីជាមានការជូនដំណឹងទប់ស្កាត់យ៉ាងណាក៏ដោយ។

លោក សុខ ចាន់គ្រឹះស្នា បន្ថែមទៀតថា បញ្ហាបរិស្ថានអនាម័យនៅតាមរមណីដ្ឋាន ត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យតំបន់គោលដៅទេសចរណ៍មានសោភណ្ឌភាពស្រស់ស្អាត។

ដោយឡែកបញ្ហាសន្តិសុខសណ្តាប់ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និយាយថា រាល់សន្តិសុខសណ្តាប់ធ្នាប់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃមកនេះ មិនមានបាតុភាពអាក្រក់អ្វីគួរឱ្យកត់សម្គាល់នោះទេ។ ទោះយ៉ាងណា មានករណីគ្រាះថ្នាក់ចរាចរណ៍៣ករណី ឆេះលំនៅ១ករណី និងករណីចោរលួចម៉ូតូ១ករណី ដោយទាំងអស់នោះសុទ្ធតែកើតឡើងដោយខ្វះការប្រុងប្រយ័ត្ន។

លោកស្នងការនគរបាលខេត្តកោះកុង បន្ថែមថា កងកម្លាំងរបស់លោក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានគ្រប់គ្រងស្ថានការណ៍បានល្អត្រឹមត្រូវតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ព្រមទាំងផ្តោតយកចិត្តទុកដាក់ខ្ពស់លើការងារថែរក្សាការពារសន្តិសុខសុវត្ថិភាពគ្រប់ទីកន្លែង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ចៀសវាងភាពភ័យខ្លាចណាមួយ៕

ប្រភព ៖ ផេក រដ្ឋមន្ត្រី ក្រសួងព័ត៌មាន


ចែករំលែក៖