ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា អមដំណើរសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ត្រួតពិនិត្យទីតាំងរៀបចំពិធីរុក្ខទិវា ៩ កក្កដា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអមដំណើរសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីរុក្ខទិវា ៩ កក្កដា ស្ថិតនៅភូមិអូរក្រខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពអមដំណើរនេះ លោករដ្ឋមន្ត្រី បានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចចៅហ្វាវាំង ដើម្បីរៀបចំពិធីរុក្ខទិវា ៩ កក្កដា ខាងមុខន ឱ្យបានល្អឥតខ្ចោះសក្តិសមសម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ដោយក្នុងនោះត្រូវគិតគូឱ្យបានល្អិតល្អន់លើទីតាំងវេទិកា ដីដាំឈើ សន្តិសុខ សណ្តាប់ធ្នាប់ ផ្លូវចូល ព្រមទាំងពិធីការ រួមទាំងការនិមន្តព្រះសង្ឃ និងការថ្វាយរបាំជាដើម។ 

បន្ថែមលើនេះទៀត សម្តេចចៅហ្វាវាំង ក៏បានលើកឡើងពីសារៈសំខាន់នៃអគ្គនាយកដ្ឋានទាំង ៥ក្រោមឱវាទក្រសួងកសិកម្ម ដែលបាននិងបន្តចូលរួមចំណែកក្នុងការរក្សានូវអធិបតេយ្យភាពក្នុងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជាអាទិភាពទី១ ហើយការលក់ដូរនាំចេញជារឿងទី២។ ទន្ទឹមនឹងនេះដែរ ត្រូវជួយជំរុញ គិតគូរអំពីរុក្ខជាតិឱសថ និងប្រទាលផ្សេងៗ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ៕

ដោយ ៖ សហការី


ចែករំលែក៖