ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេលនៃការផ្ទុះកូវីដ-១៩ កុមារ៦៧លាននាក់នៅទូទាំងពិភពលោកខកខានមិនបានចាក់វ៉ាក់សាំងចាំបាច់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះបានឱ្យដឹងថា កុមារប្រហែល៦៧លាននាក់ បានខកខានដោយផ្នែកឬទាំងស្រុងតែម្តងក្នុងការទទួលចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក កាលពីចន្លោះឆ្នាំ២០១៩-២០២១ ដោយសារតែវិធានការបិទខ្ទប់ និងការរំខានចំពោះសេវាថែទាំសុខភាពដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
តាមការលើកឡើងថា ភាពរីកចម្រើនជាង១ទសវត្សរ៍ក្នុងយុទ្ធនាការផ្តល់ការចាក់វ៉ាក់សាំងឱ្យបានជាទូទៅដល់កុមារនៅជុំវិញពិភពលោក បានរងការប៉ះពាល់យ៉ាងខ្លាំង ហើយការជំរុញវាឱ្យត្រឡប់ទៅរកគន្លងដើមវិញ និងជាបញ្ហាប្រឈមដ៏លំបាកមួយ។ បើតាម UNICEF ក្នុងចំណោមកុមារ៦៧លាននាក់នោះ គឺ៤៨លាននាក់ខកខានមិនបានទទួលការចាក់វ៉ាក់សាំងទាំងស្រុងតែម្តង។ ការចាក់វ៉ាក់សាំងក្នុងចំណោមកុមារមានការថយចុះ នៅតាមប្រទេសចំនួន១១២ ហើយអត្រាក្មេងៗដែលបានចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកបានថយចុះ៥ពិន្ទុ គឺធ្លាក់ដល់៨១ភាគរយ ដែលជាកម្រិតទាបមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០៨មក។ តំបន់ដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺតំបន់អាហ្រ្វិកនិងអាស៉ីខាងត្បូង។
វ៉ាក់សាំងជួយសង្រ្គោះជីវិតមនុស្ស៤.៤លាននាក់ជារៀងរាល់ឆ្នាំ ខណៈ UN ជឿជាក់ថា អាចនឹងកើនដល់៥.៨លាននាក់ នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើមហិច្ឆតា «មិនទុកនរណាម្នាក់ចោល» របស់ខ្លួន អាចសម្រេចបានតាមគោលដៅ។ មុនពេលរកឃើញវ៉ាក់សាំងនៅឆ្នាំ១៩៦៤ ជំងឺកញ្រ្ជឹលបានសម្លាប់មនុស្សប្រហែល ២.៦លាននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនជាកុមារ ប៉ុន្តែនៅត្រឹមឆ្នាំ២០២១ តួលេខនោះបានថយមកនៅ២៨,០០០នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ កាលពីចន្លោះឆ្នាំ ២០១៩-២០២១ អត្រាកុមារដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល បានថយពី៨៦ភាគរយ មកនៅ៨១ភាគរយ ហើយចំនួនករណីអ្នកកើតជំងឺនេះនៅឆ្នាំ២០២២ បានកើនទ្វេដង ធៀបនឹងឆ្នាំ២០២១៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖