ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំ ស្តីពី ការណែនាំបន្ថែមចំពោះការអនុវត្តកាតព្វកិច្ចពន្ធកាត់ទុក

ចែករំលែក៖

ភ្នំពេញ ៖ អនុលោមតាមមាត្រា ៦ ថ្មី មាត្រា ២៥ ថ្មី មាត្រា ២៦ ថ្មី (មួយ) និងមាត្រា ៣១ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ និងអនុលោមតាមប្រការ ៥៩ កថាខណ្ឌ ១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណូល សហគ្រាសត្រូវកាន់ កត់ត្រាបញ្ជី គណនេយ្យ តាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដោយត្រូវប្រើប្រាស់ប្រព័ន្ធគណនេយ្យទ្វេភាគ ដោយ ផ្អែកលើមូលដ្ឋានគណនេយ្យបង្គរ និងត្រូវកត់ត្រាចូលបញ្ជីគណនេយ្យនូវរាល់ប្រតិបត្តិការតាមលំដាប់ដែលប្រតិបត្តិការ ទាំងនោះបានកើតឡើង។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថាសហគ្រាសភាគច្រើនបានបំពេញកាតព្វកិច្ចបង់ ពន្ធកាត់ទុកបានត្រឹមត្រូវ ប៉ុន្តែមានសហគ្រាសមួយចំនួននៅអនុវត្តមិនទាន់បានត្រឹមត្រូវ និងមិនទាន់យល់ច្បាស់លាស់ នៅឡើយចំពោះការអនុវត្តកាតព្វកិច្ចកាត់ទុក ដោយសារសហគ្រាសបានកត់ត្រាចូលបញ្ជីគណនេយ្យនូវរាល់ប្រតិបត្តិការ ចំណូល និងចំណាយជារៀងរាល់ខែ ទៅតាមលំដាប់ដែលប្រតិបត្តិការទាំងនោះបានកើតឡើង។ ដោយឡែកចំពោះ ចំណាយដែលជាកម្មវត្ថុជាប់ពន្ធកាត់ទុក សហគ្រាសមិនបានកត់ត្រាជារៀងរាល់ខែឡើយ ដោយយកទៅកត់ត្រានៅពេល ធ្វើការទូទាត់ និងធ្វើការបង់ពន្ធកាត់ទុកនៅពេលទូទាត់នោះទៅវិញ។

ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារឱ្យបានត្រឹមត្រូវ មានសង្គតិភាព និងមានភាព ច្បាស់លាស់ក្នុងការអនុវត្តកាតព្វកិច្ចប្រកាសបង់ពន្ធកាត់ទុក អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែមដូច ខាងក្រោម៖

១- អនុលោមប្រការ៤៥ កថាខណ្ឌ១ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុកត្រូវដល់កំណត់ ប្រកាសបង់ពន្ធ គឺកាលបរិច្ឆេទបានធ្វើការទូទាត់ ឬបានកត់ត្រាក្នុងបញ្ជីគណនេយ្យ។ ដូច្នេះសហគ្រាស ត្រូវកត់ត្រាចំណាយបង្គួរជារៀងរាល់ខែ ទៅតាមលទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទិន ដល់ខ្ទង់ចំណាយនោះបានកើតឡើង ទោះបីខ្ទង់ចំណាយនោះត្រូវបានទូទាត់ ឬមិនទាន់ទូទាត់ក្តី

ស្របតាមស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ២-ចំពោះប្រតិបត្តិការចំណាយទាំងឡាយណាដែលជាកម្មវត្ថុនៃពន្ធកាត់ទុក ដូចមានចែងក្នុងមាត ២៥ ថ្មី និងមាត្រា ២៦ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ សហគ្រាសឬភ្នាក់ងារកាត់ទុក ត្រូវមានកាតព្វកិច្ច កាត់ទុក និងប្រកាសបង់ប្រាក់ពន្ធជាប្រចាំខែ ជូនរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន។

ឧទាហរណ៍ទី១៖ សហគ្រាស AEC CO.,LTD. ទទួលបានប្រាក់កម្ចីពីរូបវន្តបុគ្គលនិវាសនជនចំនួន ១,៥០០ ០០០ ដុល្លារអាមេរិក ដែលមានលក្ខខណ្ឌបានចែងក្នុងកិច្ចសន្យាថាការទូទាត់ការប្រាក់ចំនួន ១២០.០០០ ដុល្លារអាមេរិក/១ឆ្នាំ ត្រូវធ្វើឡើងនៅរៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗ។ ដូច្នេះ សហគ្រាសត្រូវកត់ត្រាចំណាយបង្គរការប្រាក់ចំនួន ១០ ០០០ ដុល្លារ អាមេរិកជារៀងរាល់ខែ ហើយត្រូវប្រកាស និងបង់ពន្ធកាត់ទុកលើនិវាសនជន (ការប្រាក់) តាមអត្រា១៥% ជូនរដ្ឋបាល សារពើពន្ធ ជារៀងរាល់ខែ ដោយសារនៅចុងខែនីមួយៗ សហគ្រាសបានប្រើប្រាស់ប្រាក់កម្ចីនេះរួចហើយ (ចំណាយ ការប្រាក់បានកើតឡើងជាប្រចាំខែ)។

ឧទាហរណ៍ទី២៖ សហគ្រាស XYZ CO.,LTD, ទទួលបានប្រាក់កម្ចីរយៈពេល ០១ឆ្នាំ (ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣) ពីបុគ្គលអនិវាសនជនចំនួន ១.៦០០ ០០០ ដុល្លារអាមេរិក ដែលមានលក្ខខណ្ឌ ចែងក្នុងកិច្ចសន្យាមានការប្រាក់ចំនួន៩៦០០០ ដុល្លារអាមេរិក ដែលត្រូវទូទាត់នៅចុងខែកញ្ញា ឆ្នាំ២០២៣។ ដូច្នេះ សហគ្រាសត្រូវកត់ត្រាចំណាយបង្គរការប្រាក់ចំនួន ៨ ០០០ ដុល្លារអាមេរិកជារៀងរាល់ខែ (ចាប់ពីខែតុលា ឆ្នាំ២០២២) ហើយត្រូវប្រកាស និងបង់ពន្ធកាត់ទុកលើអនិវាសនជន (ការប្រាក់) តាមអត្រា១៤% ជូនរដ្ឋបាលសារពើពន្ធ ជារៀង រាល់ខែ ដោយសារនៅចុងខែនីមួយៗ សហគ្រាសបានប្រើប្រាស់ប្រាក់កម្ចីនេះរួចហើយ (ចំណាយការប្រាក់បានកើត ឡើងជាប្រចាំខែ)។ សហគ្រាសត្រូវទទួលស្គាល់ចំណាយការប្រាក់បង្គរចំនួន ២៤ ០០០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២ និងចំណាយការប្រាក់ចំនួន ៧២ ០០០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖