ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ  ជាពលករ បានចេញចូលឆ្លងដែនដោយស្របច្បាប់ ដើម្បីស្វែងរកការងារធ្វើក្នុងទឹកដីប្រទេសថៃ ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ដោយភាពងាយស្រួល លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ  (សៀវភៅ បដឺផាស)។

សូមបញ្ជាក់ថា,  ក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ  (សៀវភៅ បដឺផាស) គឺធ្វើនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទីតាំងខាងក្រោយដងទង់ជាតិ៣ដើម ចំណាយថវិកា អស់ត្រឹមតែ (២ម៉ឺន)រៀលតែប៉ុណ្ណោះ សូមបងប្អូនជ្រាបជាព័ត៌មាន ។

សូមរំលឹកថា, ថ្មីៗកន្លងទៅនេះ នៅច្រកព្រំដែនឡែម ស្រុកកំរៀង ខេត្តបាត់ដំបង សមត្ថកិច្ចច្រកព្រំដែន បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង បន្ទាប់ពីតម្រូវឲ្យបង់ប្រាក់ ចាប់ពី ១៣០០បាត ដល់ ២០០០បាត ដើម្បីឆ្លងដែនទៅប្រទេសថៃរកការងារធ្វើ។ បន្ទាប់ពីពួកគាត់បានមកលេងស្រុកកំណើត មុនពេលរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ 

សារសំឡេងជាច្រើន និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផងដែរ បងប្អូនពលករខ្មែរ បានបង្ហោះអំពីសកម្មភាពយកប្រាក់នេះ ទើបមានការចុះអន្តរាគមន៍ពីលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ប៉ុន្តែមន្ត្រីដែលបានពាក់ព័ន្ធនឹងអំពើពុករលួយនេះ ហាក់ពុំទាន់មានវិធានការណាមួយពីថ្នាក់លើឬសាមីអង្គភាពនៅឡើយទេ។ វប្បធម៌ដ៏អាក្រក់នេះ ! ពួកគេគិតតែផលប្រយោជន៍បុគ្គលនិងបក្សពួក ដោយមិនបានគិតអំពីការយកចិត្តទុកដាក់ ដោយប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន តែងយកចិត្តទុកដាក់ណាស់គិតគូរអំពីប្រជាពលរដ្ឋ ទាំងសុខទុក្ខ ទាំងការស្វះស្វែងរក អ្នកវិនិយោគទុន ដើម្បីស្រូបកម្លាំងពលកម្មក្នុងស្រុក មានការងារធ្វើ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ ។

សូមបញ្ជាក់ថា : ចំពោះច្រកឡែម សង្ឃឹមថាមិនត្រូវស្ងាត់ត្រឹមនេះទេ មេត្តាថ្នាក់លើ ប្រធានសាមីអង្គភាព ចាត់វិធានការ កំណែទម្រង់រដ្ឋបាល លុបបំបាត់អំពើពុករលួយ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងបញ្ជាក់ឲ្យឃើញថា សមត្ថកិច្ចបម្រើប្រជាពលរដ្ឋ មិនមែនជាន់កប្រជាពលរដ្ឋ ដើម្បីតែបំពេញតម្រូវការខ្លួនឯងនោះឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖