ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់លោក ហង់ជួន ណារ៉ុន។ 

សារលិខិតដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”   ទទួលបានបញ្ជាក់ថា «ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយក្រោយទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃចន្ទ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០ នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិតរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

ដោយ ៖ សហការី


ចែករំលែក៖