ភ្នំពេញ ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា, ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ អំពីការបូកសរុបលទ្ធផលនៃការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលជនរងគ្រោះ សាច់ញាតិ សមាគមអង្គការក្រៅរដ្ឋាភិបាល បណ្តាស្ថានទូតប្រទេសជាមិត្ត បានលើកសំណើ និងសំណូមពរ មក Facebook ខ្ញុំ និងប្រភពផ្សេងៗទៀត គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។
សម្តេច ក្រឡាហោម សខេង បានបន្តថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាប្រធានគណៈបញ្ជាការដឹកនាំប្រតិបត្តិការ នៃគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលបញ្ជីតាមដាន ពាក់ព័ន្ធសំណើ និងសំណូមពរ តាមរយៈ Facebook ខ្ញុំ និងប្រភពផ្សេងៗទៀត សរុបចំនួន ៦៩២សំណើ មានជនបរទេសសរុបចំនួន ១.៦៨២នាក់ (ស្រី ១៧៥នាក់) ក្នុងនោះសំណើ និងសំណូមពរ ស្ទួនមាន៣១សំណើ ជនបរទេស ៨៦នាក់ (ស្រី៣នាក់)។ ដូច្នេះសំណើជាក់ស្ដែងមានចំនួន ៦៦១សំណើ ជនបរទេស ១.៥៩៦នាក់ (ស្រី ១៧២នាក់)ស្មើ១៦សញ្ជាតិ។
របាយការណ៍បានលម្អិតថាក្នុងចំណោមអ្នកដែលបានដាក់សំណើ និងសំណូមពរ សុំកិច្ចអន្តរាគមន៍នោះ រួមមានៈ ជនជាតិខ្មែរ៩នាក់, ចិន ៦៦៨នាក់, ជប៉ុន១នាក់, ថៃ៩នាក់, នេប៉ាល់១នាក់, បង់ក្លាដេស ២២នាក់, ប៉ាគីស្ថាន១នាក់, ម៉ាឡេស៊ី១៤៤នាក់, មីយ៉ាន់ម៉ា៥នាក់, វៀតណាម៤៦៦នាក់, សិង្ហបូរី ១នាក់, ស្រីលង្កា៤នាក់, ហ្វីលីពីន២នាក់, ឥណ្ឌា ៨៣នាក់, ឥណ្ឌូនេស៊ី១៧៨នាក់ និង អាមេរិក ២នាក់។
ចំណែក រាជធានី-ខេត្ត ដែលពាក់ព័ន្ធនឹងសំណើ ឬសំណូមពរឲ្យជួយអន្តរាគមន៍ សរុបចំនួន ១២ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, កណ្ដាល, ឧត្តរមានជ័យ, កោះកុង, ស្វាយរៀង, ពោធិ៍សាត់, កំពត, បន្ទាយមានជ័យ, ប៉ៃលិន, កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។
ផ្អែកតាមប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតលើសំណើ សំណូមពរដែលទទួលបានទាំង ៦៦១សំណើ រួមមានដូចខាងក្រោម៖
១.បានស្រាវជ្រាវរកឃើញចំនួន ៤៣១សំណើ មនុស្សសរុប ១.០៣១នាក់ (ស្រី ១០៩នាក់) ស្មើ ១៣សញ្ជាតិ ដោយក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានរកឃើញករណីពាក់ព័ន្ធបទល្មើសចំនួន ២៩ករណី ក្នុងនោះ ជួយសង្គ្រោះជនរងគ្រោះសរុបចំនួន១៧០នាក់ និងស្លាប់១នាក់ ស្មើនឹង៦សញ្ញាតិ រួមមានចិន ៤៦នាក់, ម៉ាឡេស៊ី៥នាក់, វៀតណាម១០៤នាក់, ឥណ្ឌា៦នាក់, ឥណ្ឌូនេស៊ី៨នាក់ និង អាមេរិក២នាក់។ សមត្ថកិច្ចបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ១២៦នាក់ ស្មើ៦សញ្ជាតិ ធ្វើកិច្ចសន្យាធានាឱ្យមានសេរីភាព៥នាក់ ប្រគល់ជូនស្ថានទូតវៀតណាម៨នាក់, បញ្ជូនចេញភ្លាមៗ៣១នាក់, និងប្រគល់សាកសព១នាក់ (ចិន) ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន១២០នាក់ ស្មើ៤សញ្ជាតិ រួមមានៈ ចិន៩០នាក់, ខ្មែរ១៧នាក់, វៀតណាម ១០នាក់ និងថៃ៣នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ។ សមត្ថកិច្ចក៏ រកឃើញក្រុមហ៊ុន និងទីតាំងអាជីវកម្មចំនួន៩ក្រុមហ៊ុន ដែលសង្ស័យពាក់ព័ន្ធបទល្មើស ក្នុងនោះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ចេញ ស.ជ.ណ បិទអាជីវកម្មទាំងស្រុងចំនួន ៥ក្រុមហ៊ុន (ហ្គាឡាក់ស៊ីវើល, ឆាងឆឹង, ស៊ីនហ័រខឺ ម៉ោនថិន, ជើងឆាយ៥ និងប៉ាវយ៉ុង តិចណូឡូជី) និងផ្អាក អាជីវកម្មបណ្ដោះអាសន្ន ចំនួន៤ទីតាំង (ប៊ីឆេង ស៊ីណធើណេសិនណល អេនធើធេនមែន, លិស៊ីង, ហ័ងគន និងរស្មីសេរីមង្គល) ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម។
២.សំណើចំនួន ២៣០សំណើមនុស្សចំនួន៥៦៥នាក់ (ស្រី៦១នាក់) ក្នុងនោះ ខ្មែរ១នាក់, ចិន២៣២នាក់, ថៃ ២នាក់, បង់ក្លាដេស២នាក់, ប៉ាគីស្ថាន១នាក់, ម៉ាឡេស៊ី ៣៤នាក់, វៀតណាម១៩០នាក់, សិង្ហបូរី១នាក់ ហ្វីលីពីន២នាក់, ឥណ្ឌា៤០នាក់ និងឥណ្ឌូនេស៊ី ៦០នាក់ ពុំបានរកឃើញនៅក្នុងទីតាំងតាមសំណើសុំអន្តរាគមន៍ គឺអាស្រ័យដោយទីតាំងមិនដំណើរការ ឬបិទអាជីវកម្ម សាម៉ីខ្លួនបានលាឈប់ពីការងារ ឬបានចាកចេញពីទីតាំងដោយ ខ្លួនឯងមុនកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ព័ត៌មានមិនគ្រប់គ្រាន់ ឬគ្មានតម្រុយក្នុងការស្រាវជ្រាវ។ សំណើទាំងអស់នេះត្រូវបានបិទការស្រាវជ្រាវ ស៊ើបអង្កេតបណ្តោះអាសន្ន ប៉ុន្តែក្នុងករណីមានតម្រុយ សង្ស័យបន្ថែម សមត្ថកិច្ចនឹងបើកប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតបន្តទៀត។
ឆ្លងតាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ យើងអាចសន្និដ្ឋាន និងវាយតម្លៃបានថាឆ្លងកាត់រយៈពេលជាង ៤ខែនៃចុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវ កម្មផ្លូវភេទប្រកបដោយវិជ្ជាជីវៈនិងប្រសិទ្ធិភាពដែលបានធ្វើឲ្យសភាពការណ៍ដែលពាក់ព័ន្ធដល់សំណើសុំអន្តរាគមន៍ជួយដល់ជនបរទេស មានការថយចុះគួរឲ្យកត់សម្គាល់។
ខ្ញុំសូមបញ្ជាក់ជូនថាអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការវិតត្បិតសេរីភាព ការធ្វើ ទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់។
យើងនឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឲ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឹម៉ាត់ចំពោះដនបទសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។
ឈរលើការងារដ៏មានសារៈសំខាន់នេះដែរ យើងក៏នឹងបន្តពិនិត្យ វាយតម្លៃលើសំណុំរឿងដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធីប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ពិកនៅតាមច្រក សមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានជនជាតិរបស់ខ្លួន ប្រកាសថា ជាជនរងគ្រោះហើយស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ អង្កេត និងបង្ក្រាបឲ្យបាននូវមេខ្លោង ខ្សែរយៈបណ្តាញមានអង្គការចាត់តាំង ដែលធ្វើការអូសទាញ ឬកបញ្ឆោតជនបរទេស ឲ្យ ឆ្លងដែនដោយស្របច្បាប់ ខឹងមិនស្របច្បាប់ចូលមកកម្ពុជា ធ្វើការងារដោយខុសច្បាប់។
ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជម្រាប់ជូនសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ សហការី