ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អសម្រាប់អឺរ៉ុបក្នុងពេលប្រធានាធិបតីចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីចិនលោកស៊ី ជីនពីង យល់ឃើញថា នេះជាពេលវេលាសមស្របដើម្បីដោះស្រាយវិបត្តិសង្គ្រាមរវាងរុស្ស៊ី នឹងអ៊ុយក្រែន។ ក្នុងពេលនេះ ប្រធានាធិបតីចិនបានសម្រេចជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ជាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងឆ្នាំ២០២២មក។
ក្នុងពេលនេះដែរ សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះបានសម្ដែងការស្វាគមន៍ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែបាននិយាយថា វាដូចជាលឿនពេកក្នុងការសន្និដ្ឋានថាតើកិច្ចសន្ទនានេះនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមដែរឬក៏យ៉ាងណា។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានទទួលស្គាល់ថា កិច្ចសន្ទនារវាងលោក ស៊ី ជីនពីង និងលោក ហ្សេលេនស្គី គឺជារឿងល្អ។ លោកបានបន្ថែមដូច្នេះថា «តែបច្ចុប្បន្ន ថាតើកិច្ចសន្ទនានេះនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ពិតប្រាកដមួយ ផែនការឬក៏សំណើណាមួយដែរឬទេ ខ្ញុំយល់ថា យើងមិនអាចដឹងក្នុងពេលឥលូវនេះនោះទេ»។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ស៊ី ជីនពីង និងលោក ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍នេះគឺជាកិច្ចសន្ទនាដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីរុស្ស៉ីបើក ការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នៅក្នុងជំនួបនោះដែរ លោក ស៊ី ជីនពីង បានប្រាប់លោកហ្សេលេនស្គីថាចិននឹងបញ្ជូនបេសកជនពិសេសម្នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងបើកកិច្ចពិភាក្សាជាមួយគ្រប់ភាគីទាំងអស់សំដៅស្វែងរកសន្តិភាព៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Straits Times)


ចែករំលែក៖