ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស០៦នាក់រងរបួសធ្ងន់ស្រាលខណ:រថយន្តស៊េរីទំនើបមួយគ្រឿងបុកគោយន្តកន្ត្រៃពីក្រោយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្ស០៦នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនិងគោយន្តកន្ត្រៃ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង០០ នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហាយវេ ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០៤នាក់ក្នុងទិសដៅពីលិចទៅកើតលុះទៅដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត TOYUTA HILUX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 2B-4636 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកកន្ទុយគោយន្តពីក្រោយប៉ើងចូលតូបលក់ផ្លែឈើបណ្តាលអោយអ្នកបើកបរទាំងសងខាង និងអ្នករួមដំណើរសរុប ០៦នាក់រងរបួសធ្ងន់ស្រាល ចំណែកមធ្យោបាយទាំងពីរខូចខាតយ៉ាងដំណំផងដែរ។

បន្ទាប់ពីកើតហេតុភ្លាមនោះសមត្ថកិច្ចនគរបាលជំនាញបានចុះមកជួយអន្តរាគមន៍បញ្ជូនអ្នករងរបួសទាំងអស់ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុរួចស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖