ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានថា កិច្ចព្រមព្រៀងអាមេរិកនិងកូរ៉េខាងត្បូងគំរាមកំហែងដល់ស្ថានភាពសន្តិសុខ

ចែករំលែក៖

ប្អូនស្រីរបស់មេដឹកនាំ Kim Jong Un បាននិយាយថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូងនឹងធ្វើឱ្យស្ថានការណ៍អសន្តិសុខកាន់តែធ្ងន់ធ្ងរឡើងនៅលើឧបទ្វីបកូរ៉េ។
យោងតាម Yonhap នៅថ្ងៃទី 29 ខែមេសា Kim Yo-jong ប្អូនស្រីរបស់មេដឹកនាំ Kim Jong Un បានព្រមានអំពីដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ។ លោកស្រី Kim បាននិយាយថា កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូង នឹងរំខានដល់ស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធកន្លងទៅនេះ បានព្រមានធ្ងន់ៗថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងដល់ថ្ងៃអវសាន ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានប្រើ អាវុធនុយក្លេអ៊ែរវាយប្រហារលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក។ ជាការឆ្លើយតបទៅនឹងការព្រមាននេះ អ្នកនាង គីម យ៉ូជុង បាននិយាយថាកូរ៉េខាងជើងកាន់តែមានភាពជឿជាក់ថា មានតែការពង្រឹងសមត្ថភាពនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លាទេ ទើបអាចទប់ទល់នឹងការគំរាមកំហែងទាំងឡាយបាន។
អ្នកនាង គីម យ៉ូជុង តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ បានគូសបញ្ជាក់ដូច្នេះថា «ពួកសត្រូវ
បានបេ្ដជ្ញាចិត្តលើការធ្វើសមយុទ្ធសង្រ្គាមនុយក្លេអ៊ែរ និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជុំវិញតំបន់ឧបទ្វីបកូរ៉េ ដូច្នេះការអនុវត្តសិទ្ធិការពារខ្លួនយ៉ាងរឹងមាំរបស់ពួកយើងនឹងកា្លយជាការឆ្លើយតបយ៉ាងសមាមាត្រដោយផ្ទាល់ចំពោះពួកគេ»។ អ្នកនាង គីម បន្ថែមថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក នឹងកូរ៉េខាងត្បូង នឹងមានធ្វើឱ្យសន្តិភាព និងសន្តិសុខនៃតំបន់អាស៊ីភាគឦសាន និងពិភពលោកទាំងមូលកាន់តែមានគ្រោះថ្នាក់ ហើយវាជាសកម្មភាពមួយមិនអាចទទួលយកបានដាច់ខាត។
គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ក្រៅតែពីសន្យាប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន លោក ចូ បៃដិន ក៏បានប្រកាសផងដែរពីផែនការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ ឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖