ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង អ៊ាម វន្នី ប្រកាសដោយចំហរថាមិនគ្រាំទ្រលោក ជឿន ចក់ ធ្វើជាអ្នកអត្ថាធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ចែករំលែក៖

  ភ្នំពេញ៖ លោក ជឿន ចក់ ដែលគេតែង ហៅថា Admin ជីងចក់នោះ នឹងត្រូវអត្ថាធិប្បាយលើវិញ្ញាសារបាល់ទាត់ បាល់បោះ ប្រដាក់គុនខ្មែរជាដើមក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លេចចេញមតិចម្រុះមុននេះក្រោយពីគេទទួលបានដំណឹងថា លោកជឿនចក់ ទទួលបានឱកាសជាអ្នកអត្ថាធិប្បាយក្នុងការប្រគួតកីឡាមួយចំនួននេះ ដោយ មតិ មិនពេញចិត្តចំពោះអ្នកអត្ថាធិប្បាយរូបនេះ ថាមិនស័ក្កិសមព្រោះតែពោរពេញដោយរឿងអាស្រូវ។ 

អ្នកនិយមតាមដានវិស័យកីឡាលើកឡើងនូវអ្វីដែលមិនពេញចិត្តព្រោះមុននេះលោកធ្លាប់ទាំងលេចចេញរឿងរ៉ាវអាស្រូវស្នេហាផ្អើលប្រទេស រួមទាំងការអត្ថាធិប្បាយលើបណ្តាញសង្គមដោយពាក្យមិនសមរម្យ ប៉ុន្តែក្នុងនោះក៏មានការលើកសរសើរពីសមត្ថភាពរបស់លោកជឿន ចក់ដែរថា មានភាពប៉ិនប្រសប់  ហើយនេះក៏ជាឱកាសសម្រាប់លោកបញ្ចេញសមត្ថភាពដែរ។ អ្វីដែលជាការចាប់អារម្មណ៍មុននេះក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកល្បីឈ្មោះ២រូបបានបញ្ចេញយោបល់ដោយការមិនពេញចិត្តចំពោះការយកអ្នកអត្ថាធិប្បាយបែបនេះមកធ្វើកាន់កម្មវិធីធំបែបនេះ។ ក្នុងនោះលោក ម៉ៃ សុគន្ធ បានលើកឡើងចំៗថា៖ ដូចខ្វះមនុស្សអត្ថាធិប្បាយនៅSea Games2023 ទៅយកបុគ្គលល្បីដោយសាររឿងជេរ និង បង្កើតរឿងអាក្រក់ៗក្នុងសង្គមហែកហួរគ្នា ។ ខណៈដែលកញ្ញាអាណារ៉ូសវិញក៏បង្ហាញសារមិនពេញចិត្តទៅនឹងការផ្តល់ឱកាសនេះទៅកាន់លោកជឿនចក់ដែរ។ 

  អ្វីដែលជាការកត់សម្គាល់ផងដែរស្រាប់តែមុននេះតារាចម្រៀងប្រុសសំនៀងថ្នម លោក អ៊ាម វន្នី បានបញ្ចេញសារមួយដ៏កម្រដោយធ្វើការមិនគាំទ្រចំពោះការជ្រើសរើសអ្នកអត្ថាធិប្បាយរូបនេះមកបំពេញការងារជាមុខមាត់ជាតិ។ លោកបានលើកឡើងថា៖ឃើញថាហ្វេសប៊ុកផុសព្រោងព្រាតថាគាត់ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ១០០%ខ្ញុំមិនទាន់ដឹងទេ។បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ឬមានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺមានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង២០ឆ្នាំទៀតទើបមានឱកាសនេះម្តងទៀត។ 

បើជាការពិតខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញដើម្បីជ្រើសអ្នកដែលសក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ។

  សារនេះលេចចេញមតិគាំទ្រច្រើនជាងការមិនពេញចិត្ត ប៉ុន្តែទោះជាយ៉ាងណា មុននេះពូចក់បានលើកឡើងថាការទទួលបានឱកាសខាងលើជាការសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងនោះការបើកឱកាសបើកការប្រគួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ខាងលើក្នុងគ្រាដែលកម្ពុជាជួបជាមួយទីម័រនៅថ្ងៃទី២៩មេសានេះ។ ប៉ុន្តែលោកមិនបានបញ្ចេញប្រតិកម្មណាមួយទៅកាន់អ្នករិះគន់ នៅឡើយ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖