ព័ត៌មានទាន់ហេតុការណ៍៖

ចុះបូមទឹក​បឹង​ឈូក បំណងចាប់​ត្រី មានអីស្រែកផ្អើលអ្នកភូមិ​ពេលប្រទះឃើញ…

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​ ដែលជា​កសិករបានរត់ទៅស្រែកហៅអ្នកភូមិបង្កការភ្ញាក់ផ្អេីល​ និងរាយការណ៍ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ ឱ្យ​ចុះមក​ត្រួតពិនិត្យ​ភ្លាមៗ​ ខណៈ​គាត់បាន​ដាក់​ម៉ាស៊ីនបូមទឹក​រណ្តៅ គោលបំណង​ចាប់​ត្រី បែរជា​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកស​ព​មនុស្ស​ទៅ​វិញ​។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​បឹង​ឈូក ខាងកើត​វត្ត​គល់​ទទឹង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​បំភ្លឺ​ពី​​បុរស​ម្នាក់​មានឈ្មោះ រស់ ចាន់​វ​ណ្ណេ​ត ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ បាន​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​រៀបចំ​ដាក់​ម៉ាស៊ីនបូមទឹក​រណ្តៅ ដើម្បី​ចាប់​ត្រី នៅ​ចំណុច​កើតហេតុ​។ លុះ​ពេល​បូម​ជិត​រីង​ទៅ​ហើយ​នោះ ក៏​ប្រទះ​ឃើញ​ត្រី​ខ្លះ​ផង​ដែរ ពេល​នោះ​គាត់​បម្រុង​ចុះ​ចាប់ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកស​​ព​មនុស្ស​ម្នាក់​នៅ​ក្នុង​រណ្តៅ​នោះ​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ភ័យ​ខ្លាច ហើយ​ក៏​រត់​បាតជើង​ស​.​ព្រាត បន្ទាប់​មក​ក៏​ទៅ​រាយការណ៍​ប្រាប់​កម្លាំង​ប្រជា​ការពារ​សង្កាត់​ព្រែក​ថ្មី​តែ​ម្តង​។

បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានចុះទៅដល់កន្លែងកេីតហេតុ​ បានឱ្យដឹងថា​ នៅ​ក្បែរ​កន្លែង​កើតហេតុ កម្លាំងជំនាញ​រក​ឃើញ​ខោខ្លី ពណ៌​ក្រហម មាន​គ្រោងឆ្អឹង​ជើង​មួយ​ចំនួន និង​រក​ឃើញ​អាវយឺត​ដៃ​វែង ពណ៌​ក្រហម​លាយ​ខ្មៅ ក៏​មាន​គ្រោង​ឆ្អឹងជំនី និង​ដៃ​មួយ​ចំនួន​ដែរ ហើយ​នៅ​ក្នុង​ទឹក​ក៏​មាន​លលាដ៍ក្បាល​ផង​ដែរ ហើយ​ស​.​ព​ពុំ​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ​។​ ចំណែក​ស​ព​ជន​រង​គ្រោះ​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​នៅ​សល់​តែ​គ្រោងឆ្អឹង​។

ជុំវិញករណីខាងលេីនេះ​ ​​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន ពេទ្យ​កោសល្យវិច័យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹងដែរ​ថា យើង​មិន​អាច​សន្និដ្ឋាន​បាន​ទេ ព្រោះ​សល់​តែ​គ្រោងឆ្អឹង​។ 

ក្រោយ​កេីត​ហេតុ​គ្រោងឆ្អឹង​សាកស​​ព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញក្រុង​ភ្នំពេញ​ និងសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី យកទៅតំកល់ទុកនៅវត្ត​ ដើម្បី​បន្ត​នីតិវិធី​៕

ដោយ​៖សហការី​


ចែករំលែក៖