ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ចូលរួមពិធីបុណ្យពិសាខបូជា នៅវត្តព្រៃឆ្លាក់ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ដោយយោងតាមសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំរបស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា បានយ៉ាងឱឡារិក សាកសមជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែង នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនិងលោកស្រីបានអញ្ជើញចូលរួមពិធីបុណ្យពិសាខបូជា នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងដោយមាននិមន្តពី ព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានអោយដឹងថាថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

បន្ទាប់មកក៏មានពិធីរាប់បាតដែលមានព្រះសង្ឃ១០៦អង្គ មកពី បណ្ដារវត្តក្នុងក្រុងស្វាយរៀងផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖