ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងពិបាករកទីបញ្ចប់ ខណៈដែលអឺរ៉ុបប្រកាសជាផ្លូវការពីផែនការបង្កើនការផលិតគ្រាប់រំសេវជួយអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣សហភាពអឺរ៉ុប (EU) បានប្រកាសជាផ្លូវការនូវផែនការថ្មីមួយក្នុងការបង្កើនការផលិតគ្រាប់រំសេវលក្ខណៈទ្រង់ទ្រាយធំ ដែលជាប្រយោជន៍សម្រាប់អ៊ុយក្រែន ខណៈដែលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី និងដើម្បីកែលម្អភូមិសាស្ត្រនយោបាយរបស់ប្លុកឱ្យកាន់តែមានទំនុកចិត្ត។
ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងរបស់ EU លោក ធៀរី ប្រ៊េតុន (Thierry Breton) ចង់ឱ្យមានការប្រើប្រាស់ថវិកាយ៉ាងហោចណាស់ ១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.១ពាន់លានដុល្លារជាមូលនិធិដើម្បីគាំទ្រដល់ការផលិតគ្រាប់រំសេវដែលមានគោលដៅផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងបំពេញឃ្លាំងស្តុកក្នុងប្រទេសសមាជិករបស់ខ្លួន។ ថវិកាពាក់កណ្តាល នៃមូលនិធិសហភាពអឺរ៉ុបនេះ ត្រូវផ្តល់ដោយប្រទេសជាសមាជិក។ បើតាមលោក ប្រ៊េតុន EU នៅតែមានមូលដ្ឋានផលិតកម្មដ៏មានសក្ដានុពលមួយ ជាពិសេសនៅភាគខាងកើតនៃប្លុក ដែលអាចប្រើប្រាស់បាន ប្រសិនបើផ្តោតការយកចិត្តទុកដាក់រួមគ្នា។
លោក ប្រ៊េតុន បានគូសបញ្ជាក់ថា « សូមផ្តល់ឱ្យនិងចែកចាយជាមុននូវអ្វីដែលអ៊ុយក្រែនត្រូវការបន្ទាន់។ ពីព្រោះយើងដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើង។ ខ្ញុំមានទំនុកចិត្តថា យើងអាចបង្កើនជំនាញមូលដ្ឋាននៃឧស្សាហកម្មរបស់យើង ដើម្បីអាចផលិតគ្រាប់រំសេវយ៉ាងហោចណាស់ ១លានគ្រាប់នៅអឺរ៉ុបសម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤។
អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងបើកប្រតិបត្តិការវាយបកដើម្បីដណ្តើមយកទឹកដីដែលរុស្ស៉ីកាន់កាប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែខ្វះខាតគ្រាប់រំសេវ ក្នុងចំនួនច្រើន។ សម្ព័ន្ធមិត្តលោកខាងលិចបានផ្តល់គ្រាប់រំសេវក្នុងចំនួនដ៏ច្រើនរួចហើយ តែរដ្ឋាភិបាលទីក្រុងកៀវបានស្នើសុំឱ្យពួកគេផ្គត់ផ្គង់បន្ថែមទៀត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ plov.vn


ចែករំលែក៖