ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បង្ហាញមុខ​ជនសង្ស័យចំនួន២នាក់ករណីប៉ុនប៉ងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃសៅរ៍​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញ​មុខជនសង្ស័យ​ ២នាក់​ ជាសាធារណៈក្រោយ​បង្ក្រាបនិងឃាត់ខ្លួនបាន និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួច កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូក ខេត្តកំពត។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍, ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន២នាក់។

កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២៖២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (អាវុធខ្លី និងកាំបិតស្រួច) នៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ   ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ MCCOMB GEOFFREY BRENT ភេទប្រុស ជនជាតិញ៉ូសាឡែន ជាថៅកែ អាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី  ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកកំពត រងរបួស៤កន្លែង។

ជនរងគ្រោះបានមកដើរលេងនៅក្រុងកំពតជាមួយមិត្តស្រី ចូលដល់ផ្ទះភ្លាម ត្រូវបានជនសង្ស័យមួយក្រុម បានកាត់សោរផ្ទះរបស់ជនរងគ្រោះ រួចចូលក្នុងផ្ទះដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះមិនព្រមសង ក៏បានប្រកែកគ្នារហូតឈានដល់ទាស់ពាក្យសំដី ពេលនោះក្រុមជនសង្ស័យបានដកកាំភ្លើងខ្លី និងដំបងខ្លីធ្វើសកម្មភាពវាយនិងបាញ់ទៅលើជនរងគ្រោះចំចំណុច ភ្លៅធ្លាយដល់គូត បន្ទាប់មកក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានជិះរថយន្ត១គ្រឿងមិនស្គាល់ម៉ាកគេចខ្លួនបាត់។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ រួមមាន៖ បង់កាំភ្លើងចំនួន១, គ្រាប់កាំភ្លើងខ្លីមួយចំនួន និងកាំបិតចុងស្រួច ចំនួន១ដើម។

លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤៖១២នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរលបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តកំពតជាម្ចាស់ករណី ធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់៖

១៖ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស ស្នាក់នៅផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (ជាជនដៃដល់)

២៖ ឈ្មោះ ទីវ ហុកឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងរថយន្ដ ស្នាក់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់នៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅមុខលោកតាដំបងក្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដែលបានដកហូត រថយន្ដ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-5628។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃសៅរ៍ទី​០៦​ ខែឧសភា​នេះ​ បានប្រគល់ជូនស្នងការដ្ឋានខេត្តកំពតជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត៕

ដោយ៖សហការី​


ចែករំលែក៖