ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកគោយន្តកន្ត្រៃស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកប៉ះជាមួយគោយន្តកន្ត្រៃនៅវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AP-0396 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿងបើកបរដោយបុរសម្នាក់ចេញពីផ្លូវលំក្នុងទិសដៅពីជើងទៅត្បូងនិងបានឡើងបត់ឆ្វេងក៏ត្រូវបានម៉ូតូបុកចូលដៃគោយន្តពេញទំហឹងបណ្តាលឱ្យផុងប៉ះដល់សួតស្លាប់ភ្លាមៗតែម្តង។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពឱ្យខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ចំណែកមធ្យោបាយទាំងពីរត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖