ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម (ករណីលេខ ៨០៤)។
នេះបេីយោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្រុមប្រតិបត្តិការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ទទួលបានសំណើសុំអន្តរាគមន៍ពីជនជាតិចិន ឈ្មោះ WANG ZHONGQING ភេទប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨៣ លិខិតឆ្លងដែនលេខ EG3014123 ដោយផ្តល់ព័ត៌មានថា ខ្លួនត្រូវបានគេបង្ខាំង និងបង្ខំឲ្យធ្វើការខុសច្បាប់ក្នុងទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
ក្រោយទទួលបានសំណើសុំអន្តរាគមន៍ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានចុះធ្វើការស្រាវជ្រាវដល់ទីតាំងរកឃើញបុរសជនជាតិចិនរូបនេះ កំពុងបម្រើការងារ ក្នុងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងបានអញ្ជើញទៅធ្វើ ការសាកសួរនៅស្នងការដ្ឋាន។ បន្ទាប់ពីស្តាប់ការបំភ្លឺរបស់សាមីខ្លួនបានឱ្យដឹងថា រូបគេបានចូលមក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុង គោលបំណងស្វែងរកការងារ និងបានចូលធ្វើការជាចុងភៅនៅក្នុងក្រុមហ៊ុនខាងលើ ដោយទទួលបាន ប្រាក់ខែ ចំនួន ១,០០០ដុល្លារក្នុងមួយខែ អំឡុងពេលធ្វើការរូបគេទទួលបានអាហារគ្រប់គ្រាន់ និងកន្លែង ស្នាក់នៅសមរម្យ និងពុំធ្លាប់បានត្រូវគេបង្ខាំង ឬបង្ខិតបង្ខំឲ្យធ្វើការងារខុសច្បាប់នោះទេ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ គ្រួសាររបស់គេបានទាក់ទងមកប្រាប់ថាម្តាយក្មេករបស់គេមានជំងឺដែលត្រូវការវះកាត់ ជាបន្ទាន់ និងតម្រូវឲ្យមានអ្នកមើលថែទាំជាប្រចាំ ទើបរូបគេបានដាក់ពាក្យលាឈប់ពីការងារ ប៉ុន្តែស្ថាន ភាពក្រុមហ៊ុនមានការខ្វះបុគ្គលិកអ្នកគ្រប់គ្រងបានស្នើសុំឲ្យរង់ចាំមួយរយៈសិន ដោយមិនអាចរង់ចាំបាន និង បារម្ភពីក្រុមគ្រួសារ ទើបសាមីខ្លួនបានដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅកាន់ទំព័រហ្វេសប៊ុកសម្តេច ក្រឡាហោម ដោយប្រឌិតថាខ្លួនត្រូវបានបង្ខាំង និងបង្ខំឲ្យធ្វើការងារខុសច្បាប់ក្នុងទីតាំងមួយ។
ផ្អែកតាម ការបំភ្លឺ និងពិនិត្យលើស្ថានភាពជាក់ស្ដែង ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះពុំមែនជាករណីបង្ខាំង និងបង្ខំឲ្យធ្វើការខុសច្បាប់ដូចទៅនឹងសំណើសុំអន្តរាគមន៍នោះទេ ប៉ុន្តែដោយសារមិនអាចរង់ចាំបាន និង បារម្ភពីក្រុមគ្រួសារ ទើបស្នើសុំការអន្តរាគមន៍ ដើម្បីបានវិលត្រឡប់ទៅប្រទេសចិនវិញ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនឈ្មោះ WANG ZHONG QING ទៅមណ្ឌលត្រៀមបណ្ដេញចេញ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ដោយ៖សហការី