ខេត្តបាត់ដំបង៖ លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការពីកម្លាំងជំនាញ នៃស្នងការខេត្តព្រះសីហនុ ចុះស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនមិត្តប្រុសដែលលួចយករថយន្តមិត្តស្រីទៅបញ្ចាំ ហើយថែមគំរាមសម្លាប់ម្ចាស់រថយន្តបានហើយ ស្ថិតនៅចំណុចឆ្នេរអូរត្រេះ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែឧសភាតាម “ដីកាបញ្ជាឱ្យចូលខ្លួន” របស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោកស្នងការរងខេត្តបាត់ដំបង បានបន្តថា ជនជាប់ចោទមានឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) អាយុ៣២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។ លោកបន្តថា ការចាប់ខ្លួនជនត្រូវចោរទម្នាក់នេះ បានធ្វើឡើងដោយយោងតាម «ដីកាបញ្ជាឲ្យចូលខ្លួន» របស់ព្រះរាជអាជ្ញារង លោក នុត វីនីត ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ហើយយោងតាម «ដីកាបញ្ជាឲ្យចូលខ្លួន» លេខ១៦ ដបខ ចុះថ្ងៃទី០២ ឧសភា ឆ្នាំ២០២៣ របស់លោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) ខាងលើនេះ ត្រូវបាននារីម្នាក់ឈ្មោះ គា សុខនាង ប្ដឹងដោយចោទប្រកាន់ថា បានយករថយន្តរបស់នាងទៅបញ្ចាំ ហើយថែមទាំងគំរាមរកសម្លាប់នាងទៀតផង នៅពេលដែលនាងទាមទារយករថយន្តនោះមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល (ពិតជាស្គាល់មុខ តែមិនស្គាល់ចិត្តមែន)។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចខ្លះបានលួចបង្ហេីបប្រាប់ថា៖ ជនជាប់ចោទ និងជនរងគ្រោះ (ម្ចាស់រថយន្ត) ធ្លាប់មានទំនាក់ទំនងជាមួយគ្នាក្នុងផ្លូវស្នេហាមុនពេលជួបឧបសគ្គ។ ប៉ុន្តែក្នុងអំឡុងពេលនៅមានទំនុកចិត្តគ្នាទៅវិញទៅមក ស្រាប់តែតួអង្គខាងប្រុស បែរជាមានគំនិតទុច្ចរិតយករថយន្តខាងស្រីដែលមានតម្លៃរាប់ម៉ឺនដុល្លារទៅបញ្ចាំយកលុយរត់បាត់ស្ងាត់ឈឹង បើទោះជាម្ចាស់រថយន្ត (ជនរងគ្រោះ) ទាមទារឱ្យយករថយន្តមកវិញច្រើនលើកច្រើនសារក៏ដោយ ក៏ជនរូបនេះធ្វើមិនដឹងមិនឮដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងគំរាមសម្លាប់ម្ចាស់រថយន្តនេះយ៉ាងព្រហើនទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ត្រង់ចំណុចនេះថា នៅពេលម្ចាស់រថយន្តបង្ខំកាន់តែខ្លាំង និងទាក់ទងឱ្យជនជាប់ចោទឈ្មោះ បាន ង៉ា នេះ យករថយន្តមកប្រគល់ឱ្យខ្លួនវិញ ក៏ជននេះមិនខ្វល់ដែរ ហើយកាន់តែគំរាមសម្លាប់ជនរងគ្រោះទៀត។ ជនទុច្ចរិតម្នាក់នេះ បានរត់ទៅសម្ងំលាក់ខ្លួនទៅខេត្តព្រះសីហនុ ក្រោយពីបញ្ជាំរថយន្តបានប្រាក់រាប់ម៉ឺនដុល្លារ។ ជននេះបានព្យាយាមគំរាមកំហែងជនរងគ្រោះតាមរយៈបណ្ដាញសង្គមរបស់ខ្លួន (ឆាត) យ៉ាងគគ្លើនម្ដងហើយម្ដងទៀត នៅពេលជនរងគ្រោះទាមទារយករថយន្តត្រឡប់មកវិញ។ ជាមួយនឹងពាក្យគំរាមសម្លាប់ ជននេះថែមទាំងបានថតបង្ហាញកាំភ្លើងខ្លី រួចផ្ញើតាម «ឆាត» ឲ្យជនរងគ្រោះបានឃើញទៀតផង។
ក្រោយពីធ្វើការស្រាវជ្រាវកំណត់បាននូវមុខសញ្ញា និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យរូបនេះ ទើបលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះទៅសហការជាមួយកម្លាំងជំនាញស្នងការខេត្តព្រះសីហនុ ដើម្បីអនុវត្ត «ដីកាបញ្ជាឲ្យចូលខ្លួន» លើជននេះតែម្ដង នៅពេលជននេះបង្ហាញខ្លួនយ៉ាងហ៊ឺហារនៅលើ «ឆ្នេរអូរត្រេះ» មាត់សមុទ្រ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនជាប់ចោទរូបនេះទៅប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តរួចហើយ៕
ដោយ៖ អរុណរះ