ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីទទួលផលចោរកម្ម ក្រោយពីជនសង្ស័យខាងលើ បានទិញម៉ូតូពីជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងតម្លៃ២០ម៉ឺនរៀល។ ករណីនេះបានកើតឡើងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន សុភារុន ភេប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិសង្កាត់កើតហេតុ។
ចំណែកជនសង្ស័យ០២នាក់៖១-ឈ្មោះ ខុន សំណាង ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរកម្មករសំណង់ អ្នកទទួលទិញ (ឃាត់ខ្លួន)។
២- ឈ្មោះហៅក្រៅអាត្រង៉ោល ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។
សម្ភារបាត់បង់៖ម៉ូតូម៉ាកHONDA ZOOMER X ពណ៌សឆ្នាំ២០១៦ពាក់ផ្លាកលេខ ភ្នំពេញ 1FP_0693 (រកឃើញវិញ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១៨ និង៣០ នាទី ជនរងគ្រោះខាងលើបានជិះម៉ូតូចំនួន០១គ្រឿងម៉ាកZOOMER X ត្រឡប់មកពីផ្សារតាខ្មៅវិញដល់ផ្ទះក៏បានយកម៉ូតូមកទុកនៅមុខផ្ទះដោយចាក់សោរ.ក បានយ៉ាងត្រឹមត្រូវ រួចដើរចូលទៅក្នុងផ្ទះបាត់។បានមួយសន្ទុះក្រោយមកជនរងគ្រោះក៏ដើរចេញពីក្នុងផ្ទះមកកន្លែងទុកម៉ូតូស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏ស្រែកឆោឡោឡើងផ្អើលអ្នកជិតខាង និងសមត្ថកិច្ចក៏ជួយដើររកមកដល់ចំណុចផ្លូវចូលខាងក្រោយច្រកខារ៉ាអូខេហុងកុងភូមិថ្មី សង្តាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានឃើញម៉ូតូម៉ាកZOOMER X គ្មានផ្លាកលេខ ពណ៌ស នៅក្នុងបន្ទប់ជួលរបស់ឈ្មោះ ខុន សំណាង ភេទ ប្រុស អាយុ៣៧ឆ្នាំសង្ស័យក៏ចូលទៅមើលនិងសួរនាំជនសង្ស័យ បានម៉ូតូ នោះពីណាមក ភ្លាមនោះជនសង្ស័យក៏ឆ្លើយថាខ្លួនបានទិញពីឈ្មោះហៅក្រៅអាត្រង៉ោល ភេទ ប្រុសអាយុប្រហែល១៩ឆ្នាំ ក្នុងតំលៃ២០ម៉ឺនរៀល ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុយកមកសួរនាំនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ