ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​ ពាក់ព័ន្ធ​ករណីចោរកាច់.កម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន​ ២នាក់ពាក់ព័ន្ធករណីចោរកាច់.កម៉ូតូ​ ចំនួនពីរករណី។ 

(ករណីទី០១) ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០០នាទី នៅចំណុចហាងលក់ទំនិញ យីហោប៊ីប្រែន ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  កើតមានករណីអំពើលួច (កាច់-កម៉ូតូ) ម៉ាកហុងដា C១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-8465 ជាកម្មសិទ្ធិរបស់ឈ្មោះ គង់ វណ្ណារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ប្រុស មាឌធំ (តាមកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ) ។

(ករណីទី០២) ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ សុខ គង់ ភេទប្រុស អាយុ ៥២ឆ្នាំ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់-ក-ម៉ូតូ) ម៉ាកហុងដា C១២៥ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1N-2579 កម្មសិទ្ធិរបស់ឈ្មោះ ដន ឌុច ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពាមជ្រៃ ជុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ភេទប្រុស មាឌធំ ។

ជាលទ្ធផលនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង ១១ និង ០០នាទី ដើម្បីចេញល្បាត លុះមកដល់មុខវត្តអរញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានប្រទះឃើញមុខសញ្ញាសង្ស័យទាំង ០២នាក់ កំពុងជិះម៉ូតូបានកម្លាំងខាងលើបានធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យលើខ្លួនជនសង្ស័យទាំង ០២នាក់៖​ ១, ឈ្មោះ យឹម រ៉ាវី ភេទប្រុស អាយុ ៦០ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិអង្គតាមិញ ពោធិ៍ចិនតុង ដកហូតបានទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូ ០១គ្រឿង (ម៉ាកហុងដា C១២៥ ផលិតឆ្នាំ២០២៣) ។

២, ឈ្មោះ ទិត្យ សំណាង (ហៅពែក) ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅក្នុងភូមិថ្នល់ទទឹង អង្គស្នួល ដកហូតបានទូរស័ព្ទដៃ ០២គ្រឿង, អាវុធខ្លី ០១ដើម, គ្រាប់កាំភ្លើង ០៧គ្រាប់, បង់កាំភ្លើង ០១, សោសំរាប់កាច់-ក-ម៉ូតូ ០៣, និងសោម៉ូតូ ០១ ។ 

ជនសង្ស័យខាងលើកំពុងត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ សហការី


ចែករំលែក៖