ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧០ យាងចូល ៧១ព្រះវស្សា នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៣នេះ នៅក្នុងព្រះបរមរាជវំាង។
ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានលំអោនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ថ្វាយព្រះរាជសព្ទសាធុការពរ បវរមហា ប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកបដោយព្រះសុខុមាលភាពពេញបរិបូរណ៍ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងមានព្រះ តេជៈបារមី ភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្ត្រខ្មែរ ជាកូន ជាក្មួយរបស់ព្រះអង្គ តរៀងទៅ៕
ដោយ ៖ សិលា