ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រចុះស្ពានបុករថយន្តនិងម៉ូតូរបួសធ្ងន់ម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តកុងតឺន័រមួយគ្រឿង បើកចុះស្ពានចាប់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុករថយន្តមួយគ្រឿងនៅខាងមុខ រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង ៤០នាទីយប់ ត្រង់ចំណុចរង្វង់មូលព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

     មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្ករម៉ាកHYUNDAI ពណ៌ស ពាក់ផា្លកលេខ ព្រះសីហនុ3A-7662 (រថយន្តកុងតឺន័រ) កន្ទុយសណ្ដោងរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ4A-6165 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកភាគីរងគ្រោះខាងរថយន្ត TOYOTA HIGHLANDER ពណ៌ស ពាក់ផ្លាកលេខ 2U-6434 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ និងភាគីរងគ្រោះខាងម៉ូតូឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ៥២ឆ្នាំ (ជនពិការ) ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល (របួសបាក់ឆ្អឹងដងកាំបិត ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង ។

      ប្រភពដដែលបន្តថា មុនពេលកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផា្លកលេខ ព្រះសីហនុ3A-7662 និង កន្ទុយសណ្ដោងរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ4A-6165 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ រថយន្តបើកបរចុះពីលើស្ពានព្រែកសំរោង មានទិសដៅពីកើត ទៅ លិច លុះពេលបើកមកដល់ចំណុច រង្វង់មូល ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ស ពាក់ផ្លាកលេខ 2U-6434 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។

រថយន្តបើកបរមានទិសដៅពីកើត ទៅ លិច (ស្របទិសគ្នា) ។ហើយរថយន្តកុងតឺន័រខាងលើបានទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1B-8218 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះហៃ ហឿន ភេទប្រុស អាយុ ៥២ឆ្នាំ (ជនពិការ) ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល (របួសបាក់ឆ្អឹងដងកាំបិត ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង ។ ម៉ូតូបើកបរមានទិសដៅពី កើត ទៅ លិច (ស្របទិសគ្នា) ។ រួចរថយន្តកុងតឺន័រខាងលើ បានជ្រុលទៅបុករបងសាលាអនុវត្តន៍ បណ្ដាលឲ្យក្រឡាប់ បាក់សាលាចំនួន ០១ខ្នង, បាក់បង្គោលភ្លើងថ្ម ០១ដើម, បាក់បង្គោលបំភ្លឺផ្លូវ ០១ដើម បន្ថែមទៀតតែម្ដង។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

   មូលហេតុករណីខាងលើ បណ្ដាលមកពី អ្នកបើកបរ រថយន្តកុងតឺន័រម៉ាក HYUNDAI ពណ៌ស ពាក់ផា្លកលេខ ព្រះសីហនុ3A-7662 និង កន្ទុយសណ្ដោងរ៉ឺម៉កពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ4A-6165 បើកបរចុះពីលើស្ពានមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖