ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា វិស័យកសិកម្មមិនមែនជាការងាររបស់ក្រសួងកសិកម្មតែមួយនោះទេ ប៉ុន្តែជាការចូលរួមរបស់ក្រសួង ស្ថាប័ន ផ្សេងៗ និងវិស័យឯកជនដទៃទៀត រួមទាំងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងជារួមទាំងអស់គ្នា ដើម្បីជំរុញទៅដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា ឲ្យមានភាពទំនើបកម្ម និងមានបច្ចេកវិទ្យាទំនើប ដើម្បីទទួលបានទិន្នផលច្រើនប្រកបដោយគុណភាព។
ចំពោះទំនាក់ទំនងការទូត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា, បើទោះបីជាអ្នកណាក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនងល្អរវាងកម្ពុជានិងទីម័រខាងកើតនៅតែរក្សាបានភាពល្អូកល្អឺនដូចដើម។
សម្ដេចតេជោថា ក្នុងជំនួបរវាងសម្ដេចនិងនាយករដ្ឋមន្ត្រីទីម័រខាងកើតនៅក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅសម្តេចតេជោបានសម្រេចថា នឹងបញ្ជូនអ្នកបច្ចេកទេសកសិកម្មកម្ពុជាដើម្បីទៅចូលរួមជួយទៅដល់ប្រទេសទីម័រខាងកើត។
សម្ដេចតេជោមានប្រសាសន៍ថា៖ «ថ្ងៃ១៩ នេះគឺមានការបោះឆ្នោតដែលអាចមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី»។
សម្ដេចថាមិនមានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រដូចគ្នានោះទេ ៕
ដោយ ៖ សិលា