ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិលនៅក្នុងវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ពិធីសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះប្រមាណជា ១០៩ គ្រួសារនោះដែរលោក វ៉ី សំណាងបានពាំនាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយពុំដឹងពីអាជ្ញាធរមូលដ្ឋាន និងជួយពីសំណាក់ទឹកចិត្តមនុស្សធម៌កាកបាទក្រហមនោះឡើយ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្ដាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត យកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅជាប់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយសុខទុក្ខជាសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសារទីទាល់ក្រមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ២ម៉ឺនរៀល។
ក្នុងនោះលោកប្រធានក៏បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តកណ្តោលដុំ នូវ អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ៕
ដោយ៖ ចន្ទ លីហ្សា