កំពូលតារាបាល់ទាត់ Cristiano Ronaldo នឹងទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងខែមិថុនាខាងមុខ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីជាច្រើនដងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ទាំងនេះរួមបញ្ចូលទាំងការមកលេងក្នុងការគាំទ្រមូលនិធិអូឡាំពិកសិង្ហបុរី-Peter Lim សម្រាប់អាហារូបករណ៍ផងដែរ។
កាលពីឆ្នាំ២០១៩ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានទៅលេងសាលាបឋមសិក្សា Yumin។ ដោយបង្ហោះរូបថតនៃព្រឹត្តិការណ៍នោះនៅលើ Instagram កាលពីថ្ងៃអាទិត្យ ទី១៤ ឧសភា Ronaldo បាននិយាយថា “មានសេចក្តីរីករាយកាលពីប៉ុន្មានឆ្នាំមុនដែលបានទៅលេងប្រទេសសិង្ហបុរី ចំណាយពេលខ្លះជាមួយក្មេងៗដ៏អស្ចារ្យទាំងនេះ និងមើលស្នាដៃដ៏អស្ចារ្យនៃអាហារូបករណ៍ Peter Lim។ ទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀតនៅខែក្រោយ”។
អាហារូបករណ៍នេះត្រូវបានបង្កើតឡើងដោយមូលនិធិអូឡាំពិកសិង្ហបុរីក្នុងឆ្នាំ២០១០ ជាមួយនឹងការបរិច្ចាគ១០លានដុល្លារសិង្ហបុរី (៧.៤៨លានដុល្លារអាមេរិក) ពី Peter Lim ដែលជាម្ចាស់ក្លិបបាល់ទាត់អេស្ប៉ាញ Valencia និងជាមិត្តភក្តិជាមួយ Ronaldo។ ការផ្តល់ជំនួយហិរញ្ញវត្ថុនេះគឺផ្តល់ដល់អត្តពលិកវ័យក្មេងដែលប្រាថ្នាចង់បាន។
មូលនិធិបានប្រកាសថា ការបរិច្ចាគ១០លានដុល្លារសិង្ហបុរីរបស់លោក Lim គឺជាការបរិច្ចាគដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសសិង្ហបុរីពីបុគ្គលម្នាក់ឆ្ពោះទៅរកការអភិវឌ្ឍន៍កីឡា។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Ronaldo បច្ចុប្បន្នលេងឱ្យក្រុម Al Nasr របស់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Professional League (SPL) បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ត្រូវបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA/Reuters)